ទីកន្លែងកំសាន្តសប្បាយៗ នៅសៀមរាប ដែលអ្នកគួរតែនាំគ្រួសាររបស់អ្នកទៅទស្សនា

សៀមរាប គឺជាទឹកដីសម្បូរទៅដោយ សម្បត្តិវប្បធម៌ សំណង់ប្រាសាទ​ប្រវត្តិសាស្ត្រ និងតំបន់ទេសចរណ៍ធម្មជាតិជាច្រើិន ដែលល្បីល្បាញទូទាំងប្រទេសកម្ពុជា និង លើពិភពលោក។ ដូច្នេះហើយ ទីក្រុង​សៀមរាប ក្លាយ​ជា​គោលដៅ​ទេសចរណ៍ “​ត្រូវតែ​ទស្សនា​” សម្រាប់​ភ្ញៀវ​ជាតិ និងអន្តរជាតិទាំងអស់​ដែល​មក​ប្រទេស​កម្ពុជា​។ ប្រាង្គប្រាសាទអង្គរវត្ត ដ៏ស្គឹមស្គៃរបស់បុព្វបុរស់ខ្មែរ ដែលល្បីល្បាញលើសកលលោក គឺជាទិសដៅចំបងជាងគេ សំរាប់ភ្ញៀវទេសចរណ៍ទាំងឡាយ រួមទាំងភ្ញៀវទេចរណ៍ជាមួយគ្រួសារដែលមានកូនតូចៗផងដែរ។  លើសពីនេះទៅទៀត សំរាប់អ្នកធ្វើដំណើរកំសាន្តជាមួយគ្រួសារ សៀមរាបក៏មានកន្លែងសប្បាយជាច្រើនដែលអ្នកអាចនាំកូនរបស់អ្នក ទៅកំសាន្តផងដែរ។

១ ភូមិវប្បធម៌ កម្ពុជា

ភូមិវប្បធម៌កម្ពុជាគឺ​ជា​កូន​ស្រុក​គំរូ​មួយ​ដែល​មាន​សំណង់​ ផ្ទះ និង អាគារ​ប្រវត្តិសាស្រ្ត​ទំនាម​ទំលាប់​របស់​ប្រជាជន​ខ្មែរ និង ជីវភាព​របស់​ជនជាតិ​ទាំងអស់​។ ក្នុងភូមិវប្បធម៌កម្ពុជា​មានភូមិ​ចំនួន​១២ ដែល​តំណាង​ឲ្យ​វប្បធម៌​ផ្សេង​ៗ​គ្នា និង ចរិតលក្ខណៈ​របស់​ជនជាតិ​១៩​។

ភ្ញៀវ​ទេសចរណ៍​អាច​រីក​រាយ​ជាមួយ​នឹង​ការ​សំដែង​របាំអប្សរា និង របាំ​របស់​ជនជាតិ​ភាគតិច​នៅ​ កម្ពុជា និង អាច​ទស្សនា​ការ​សំដែង​អំពី​ប្រពៃណី​រៀប​អាពាហ៌ពិពាហ៌​របស់​ជនជាតិ​ខ្មែរ​។ នៅតាម​ភូមិ​និមួយ​ៗ អ្នក​ទេសចរណ៍​អាច​មើលឃើញ​អំពី​ការបង្ហាញ​អំពី​របៀប​ឆ្លាក់លើថ្ម លើឈើ ដំគ្រឿង​ប្រាក់ និង ឆ្នៃត្បូង​។

របាំសំដែងនៅភូមិវប្បធម៌កម្ពុជា សៀមរាប
របាំនៅភូមិវប្បធម៌កម្ពុជា សៀមរាប

២ អាតបក់ Art Box

អាតបក់ គឺជាសារមន្ទីរគំនូរសិល្បៈ 3D ឆ្ពិនភ្នែក ដែលមានលក្ខណះរស់រវើក ដូចមានជីវិតពិតៗ។ អ្នកអាចផ្តិតយករូបភាពដ៏អស្ចារ្យជាង១៥០ប្រភេទជាមួយគ្រួសារ និង មិត្តភក្តិរបស់អ្នក។

តំលៃសំបុត្រចូលទស្សនាសំរាប់ខ្មែរយើង ៥ដុល្លារ សំរាប់មនុស្សធំ និង ៣ដុល្លារ សំរាប់កូនក្មេង។ ហើយអ្នកអាចចូលទស្សនាចាប់ពីម៉ោង ៩ព្រឹក ដល់ ៩យប់។

 

Winter Angkor Wat Art Box Siem Reap
រដូវធ្លាក់ទឹកកក នៅ អាតបក់ Art Box សៀមរាប – រូបថត៖ Art Box

ទំនាក់ទំនងទិញសំបុត្រ និង ពត័មានផ្សេងៗ៖

063 900 600 / 063 900 700

066 77 3000 / 086 77 3001

៣ ហ្វារ សៀកកម្ពុជា Phare, The Cambodian Circus

សំរាប់ពេលល្ងាច បន្ទាប់ពីទស្សនាតំបន់កំសាន្តផ្សេងៗ ហ្វារ សៀកកម្ពុជា គឺជាផ្ទាំងទស្សនីយភាពមួយ ដែលពិតជាអស្ចារ្យ អ្នកគួរតែនាំកូនរបស់អ្នកទៅទស្សនា។ ការសំដែងរបស់ហ្វារ គឺមានលក្ខណះពិសេសលើសពីសៀក មានន័យថា ក្រុមអ្នកសំដែងប្រើប្រាស់រោងមហោស្រព ភ្លេង ក្បាច់រាំ និង សិល្បៈសៀកទាន់សម័យ ដើម្បីនិទានរឿងរបស់ខ្មែរ ដូចជា រឿងប្រវត្តិសាស្ត្រ រឺ រឿងបែបសម័យទំនើប។ អ្នកនិងពិតជាស្ងើចសរសើរ អំពី ទេពកោសល្យ ថាមពល មនោសញ្ចេតនា និង ការសំដែង របស់ក្រុមសិល្បៈករ សិល្បៈករនី វ័យក្មេងខ្មែរយើងជាក់ជាមិនខាន។

ហ្វារ សៀកកម្ពុជា
ហ្វារ សៀកកម្ពុជា រូបភាព៖ Asia Value Travel

សំរាប់ទំនាក់ទំនងទិញសំបុត្រ និង ពត័មានផ្សេងៗ

+855 (0) 15 499 480

+855 (0) 92 225 320

[email protected]

៤ ខេមបូ បុិច Cambo Beach

តើអ្នកជឿទេថា មានឆ្នេរសមុទ្រនៅ សៀមរាប? ថ្មីៗនេះ មានកន្លែងកំសាន្តថ្មីមួយកន្លែងដែលទើបតែ បង្កើតឡើងដោយ កែឆ្នៃដូចជាឆ្នេរសមុទ្រពិតៗ។ វាគឺជាក្លឹបកំសាន្ត និងសំរាកលំហែរកាយ សំរាប់ភ្ញៀវទេចរណ៍ជាតិ និងអន្តរជាតិ នឹងសំរាប់គ្រួសារផងដែរ។ អ្នកអាចនាំកូនៗរបស់អ្នកទៅ ហែលទឹក រត់លែង និង លេងបាល់ លើឆ្នេរខ្សាច់នេះផងដែរ។

បើមកទស្សនា សៀមរាប កុំភ្លេចទៅសំរាកលំហែរកាយឆ្នេរសមុទ្រ ខែមបូ បុិច!

ឆ្នេរសមុទ្រ នៅសៀមរាប
ឆ្នេរសមុទ្រ នៅសៀមរាប រូបថត៖ aforativemedia

ទំនាក់ទំនងទូរសព្ទ +855 96 283 2238

៥ បារាយទឹកថ្លា West Baray

បារាយទឹកថ្លា រឺបារាយខាងលិច គឺជាអាងស្តុកទឹកដ៏ធំល្វឹងល្វើយ (ប្រភពទឹកមកពីភ្នំគូលេន) ដែលបានកសាងឡើងតាំងពីសម័យបុរាណ ក្នុងសតវត្សទី១១។ វាក៏ជាបុេរដ្ឋាន ផ្នែកប្រវត្តិសាស្ត្រដ៏សំខាន់ ដែលមានទំនាក់ទំនងសំណង់ប្រាសាទ និងជីវភាពរស់នៅសម័យបុរាណ។ លើបរិវេណទួលបារាយ មានសំណង់ប្រាសាទចាស់ជាច្រើន ប៉ុន្តែប្រាសាទដែលនៅកោះចំកណ្តាលបារាយ ដែលមានឈ្មោះថា មេបុណ្យខាងលិច មានភាពទាក់ទាញជាងគេ។

បច្ចុប្បន្ន បារាយទឹកថ្លា ក្លាយទៅជារមណីយដ្ឋាន ពេញនិយម ចំពោះភ្ញៀវទេសចរណ៍ទាំងឡាយ សំរាប់សំរាកលំហែរកាយ និងងូតទឹកកំសាន្ត។

អ្នកលក់នៅ បារាយទឹកថ្លា
អ្នកលក់នៅ បារាយទឹកថ្លា សៀមរាប រូបថត៖ គំនិត – Thought

៦ សារមន្ទីរជាតិអង្គរ

សារមន្ទីរជាតិអង្គរ គឺជាកន្លែងដ៏ពិសេសមួយ ដែលបានប្រមូលផ្តុំទៅដោយ ​រូបចម្លាក់​ព្រះពុទ្ធសាសនា​ និង​ ហិណ្ឌូ​សាសនា​ សំខាន់ៗ​ រាប់ពាន់ ​ដែល​យក​មក​ពី​ប្រាសាទ​ផ្សេងៗ​គ្នា​នៃ​តំបន់ប្រាសាទ​អង្គរ ដ៏អច្ឆរិយ ដើម្បីដាក់បង្ហាញជូន ភ្ញៀវទេសចរណ៍មកពីគ្រប់តំបន់ នៅលើពិភពលោកមក​ទស្សនា។​ ចម្លាក់និងវត្ថុបុរាណ ដ៏មានតំលៃទាំងអស់នេះ ត្រូវបានរកឃើញ និង រក្សាទុកយ៉ាងមានសុវត្ថិភាពដោយអាជ្ញាធរការពារប្រាសាទ នៅក្នុងសារមន្ទីរជាតិអង្គរ ចាប់តាំងពីមានការលួចយករូបចម្លាក់  និង វត្ថុបុរាណជាច្រើនទៀតទៅ  លក់ឱ្យសារមន្ទីរឯកជន និង ហាងលក់ដេញថ្លៃ នៅក្នុងបណ្តាប្រទេសមួយចំនួន នៅលើពិភពលោក។ ដូច្នេះ ប្រសិនបើ អ្នកចង់អោយកូនរបស់អ្នកបានស្គាល់ អំពី​វប្បធម៌-អរិយធម៌ ​ដ៏ខ្ពង់ខ្ពស់​របស់ជនជាតិខ្មែរ​កាន់តែទូលំទូលាយ ចូរកុំខកខាន ចូលទស្សនា សារមន្ទីរជាតិអង្គរ។

រូបចំលាក់ នៅសារមន្ទីរជាតិ អង្គរ
រូបចំលាក់ នៅសារមន្ទីរជាតិ អង្គរ រូបភាព៖ Sabay News
រូបចំលាក់ នៅសារមន្ទីរជាតិ អង្គរ
រូបចំលាក់ នៅសារមន្ទីរជាតិ អង្គរ រូបភាព៖ Sabay News

ទំនាក់ទំនង៖

855 (0)63 966 601

៧ រមណីយដ្ឋាន​ធម្មជាតិ​បឹង​ត្រាវកុដិ

ត្រា​វកុ​ដិ គឺជា​រមណី​យដ្ឋា​ន​ឋានសួគ៌​ធម្មជាតិ​មួយ​ដ៏​ស្រស់បំព្រង ស្ថិតនៅក្នុង​ឃុំ​ប​ល្ល័​ង ស្រុក​ប្រាសាទបាគង ខេត្ដ​សៀមរាប។ បច្ចុប្បន្ននេះមាន​ភ្ញៀវ​ទេសចរណ៍​ជាច្រើនកំពង់តែ​ចាប់អារម្មណ៍​ទៅ​កំសាន្ដនៅទីនោះ​ យ៉ាងច្រើនកុះករ។

រមណីយដ្ឋាន​នេះផងដែរ ជា​តំបន់​ទេសចរ​ណ៍ដ៍​សំខាន់ ដែលមាន​បឹង​ប្រ​វ​ត្ដិ​សាស្ដ្រ​មួយ មានទឹក​ហូរ​ធ្លាក់​ចេញពី​លើ​ភ្នំ​គូ​លេន​ជា​រៀងរាល់ថ្ងៃ ហើយមានទេសភាពធម្មជាតិ នៃព្រឹក្សានៅតាមជួរដងភ្នំគូលេនផងដែរ។ វាគឺជាកន្លែងលំហែរកាយល្អបំផុតសំរាប់លក្ខណៈគ្រួសារ ព្រោះវាមានទីធ្លាធំទូលាយ សំរាប់អ្នកនាំកូនរបស់អ្នកដើរទស្សនា និង ថតរូបអនុស្សាវរីយ៍។

រមណីយដ្ឋាន ត្រាវកុដិ សៀមរាប
រមណីយដ្ឋាន ត្រាវកុដិ សៀមរាប រូបភាព៖ kohthmey
គ្រួសាររីករាយ នៅរមណីយដ្ឋាន ត្រាវកុដិ សៀមរាប
គ្រួសាររីករាយ នៅរមណីយដ្ឋាន ត្រាវកុដិ សៀមរាប រូបភាព៖ kohthmey
រូបភាពពីលើ នៃរមណីយដ្ឋាន ត្រាវកុដិ សៀមរាប
រូបភាពពីលើ នៃរមណីយដ្ឋាន ត្រាវកុដិ សៀមរាប រូបភាព៖ kohthmey

៨ រមណីយដ្ឋានភ្នំគូលេន

ភ្នំគូលេនស្ថិតនៅចំងាយជាប្រមាណ ៦០គីឡូម៉ែត្រ ពីទីរួមខេត្ត សៀមរាប។ ភ្នំគូលេន មានរមណីដ្ឋាន ជាច្រើនកន្លែង ដូចជា តំបន់ទឹកធា្លក់ ព្រះអង្គធំ វាលស្តេចគំលង់ វាលព្រះសព្វ ព្រះក្រាល និងមានប្រាសាទតូចៗ ធ្វើអំពីឥដ្ឋជាច្រើនទៀតដែលជាស្នាព្រះហស្ថ ព្រះបាទជ័យវរ្មន័ទី២ បានកសាងឡើង។

តំបន់ទឹកធ្លាក់ គឺជាប្រភពដើមរបស់ស្ទឹងសៀមរាប ហូរកាត់កណ្តាលទីរួមខេត្តឆ្ពោះទៅកាន់បឹងទន្លេសាប ដែលមានទឹកថ្លាយង់ជាទីពេលនិយមរបស់អ្នកដំណើរកំសាន្តក្នុងការមុជទឹកជ្រោះធ្លាក់ទៅប៉ះនិងថ្មបែកផ្កាតែ្រង។

ការដើរកំសាន្តជាមួយធម្មជាតិលើភ្នំជាមួយកូនៗរបស់អ្នក ពិតជាបង្កើតភាពកក់ក្តៅដល់ពួកគេ និងថែមទាំងញាំងពួកគេអោយចេះស្រលាញ់ និងថែរក្សាសម្បត្តិធម្មជាតិ។

ទឹកធ្លាក់ លើភ្នំគូលេន
ទឹកធ្លាក់ លើភ្នំគូលេន រូបភាព៖ មរតកកម្ពុជា

៩ រមណីយដ្ឋានក្បាលស្ពាន

រមណីយដ្ឋាន​«​ក្បាលស្ពាន​» គឺជា​រមណីយដ្ឋាន​មួយ​ស្ថិត​នៅ​ជម្រាលភ្នំ​គូលែន ខេត្តសៀមរាប ។ រមណីយដ្ឋាន​នេះ​អាច​ហៅ​ឈ្មោះ​ម្យ៉ាងទៀត​ថា «​ជ្រលង​លិង្គ​១០០០​» ។ ក្បាលស្ពាន មានទីតាំងស្ថិតនៅស្រុក​បន្ទាយស្រី ​ប្រហែល​៥០​គីឡូម៉ែត្រ​ពី​ទីក្រុង​សៀមរាប និង​ឃ្លាតឆ្ងាយ​ពី​ប្រាសាទបន្ទាយស្រី​ប្រមាណ​ជា​១៨​គីឡូម៉ែត្រ ។

​រូបចម្លាក់​ជាច្រើននៅ​លើ​ផ្ទាំង​ថ្ម ដែលនៅ​ជុំវិញ​ស្ទឹង​ក្បាលស្ពាន​ ​ភាគច្រើន​កសាង​ឡើង​ពី​សតវត្ស​ទី​១១ និង​សតវត្ស​ទី​១៣ ។ យោងតាមប្រវត្តិសាស្ត្រ ក្បាលស្ពាន​បានស្ថាបនា​ឡើង​ដោយ​ព្រះបាទ​សុរិយ​វរ្ម័ន​ទី​១ និង​ស្ថាបនា​រួច​ជា​ស្ថាពរ​ដោយ​ព្រះបាទ Udayadityavarman II ។

តំបន់ធម្មជាតិក្បាលស្ពានគ្រប់ដណ្តប់ទៅដោយព្រៃព្រឹក្សាស្រស់បំព្រង មានសំឡេងសត្វ បក្សា បក្សី យំរពងពេញព្រៃ និងមានទឹកធ្លាក់ផងដែរ។  វាពិតជាកន្លែងលំហែរកាយ ជាមួយធម្មជាតិ ដែលផ្តល់បទពិសោធន៍មិនអាចបំភ្លេចបាន សំរាប់ដំណើរគ្រួសាររបស់អ្នក។

រូបចំលាក់ លើក្បាលស្ពាន សៀមរាប
រូបចំលាក់ លើរមណីយដ្ឋានក្បាលស្ពាន សៀមរាប រូបភាព៖ Greensarat
ទឹកធ្លាក់លើរូបចំលាក់ លើរមណីយដ្ឋាន ក្បាលស្ពាន រូបភាព៖ Navutudreams

១០ កំពង់ភ្លុក

បើងាកមកមើលតំបន់ទន្លេសាបវិញ កំពង់ភ្លុក គឺជាគោលដៅ​ទេសចរណ៍​ធម្មជាតិ​ដ៏​ទាក់​ទាញ​មួយ​។ ភ្ញៀវទេសចរណ៍អាចគយគន់សម្រស់ធម្មជាតិព្រៃលិចទឹក ផ្ទះលើទឹករបស់ប្រជាជនមូលដ្ឋាន និង ទេសភាពទន្លេសាបដ៏ធំល្វឹងល្វើយ។ បរិយាកាស​ដ៏​ត្រជាក់​ និង ខ្យល់បរិសុទ្ធ ធ្វើអោយអ្នកមានអារម្មណ៍ស្រស់ស្រាយ ភ្លេចអស់ទុក្ខកង្វល់ផ្សេងៗ។

ព្រៃលិចទឹក នៅកំពង់ភ្លុក សៀមរាប
ព្រៃលិចទឹក នៅកំពង់ភ្លុក សៀមរាប រូបភាព៖ មន្ទីរទេសចរណ៍ខេត្ត​សៀមរាប
ផ្ទះលើទឹក នៅកំពង់ភ្លុក សៀមរាប
ផ្ទះលើទឹក នៅកំពង់ភ្លុក សៀមរាប រូបភាព៖ មន្ទីរទេសចរណ៍ខេត្ត​សៀមរាប

តើក្នុងចំនោមរមណីយដ្ឋានខាងលើ អ្នកធ្លាប់បាននាំគ្រួសាររបស់ទៅទស្សនាហើយរឺនៅ? តើអ្នកមានទីតាំងផ្សេងចង់ដាក់បន្ថែម ប្រសិនបើនៅខ្វះខាត? សូមជួយបញ្ចេញមតិយោបល់ខាងក្រោម៖

Leave a Reply

Your email address will not be published. Required fields are marked *