ស្វែងយល់ពីទំនៀម​ប្រពៃណី និង​អត្ថន័យ​នៃ​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ

ទំនៀមប្រពៃណីចូលឆ្នាំ

ទំនៀម​​ពិធី​​ចូល​ឆ្នាំ​​ប្រព្រឹត្ត​​ទៅ​​ចំនួន ៣ ថ្ងៃ។ ថ្ងៃ​ដំបូង​ជា​ថ្ងៃ មហាសង្ក្រាន្ត, ថ្ងៃទី២ ជាថ្ងៃ​ វនបត, ថ្ងៃទី៣ ជាថ្ងៃ​ ឡើងស័ក។ រីឯការ​កំណត់ថ្ងៃ ម៉ោង នាទី​ដែល​ឆ្នាំ​ចាស់​ត្រូវ​ផុត​កំណត់ ហើយ​ទេព្តា​ឆ្នាំ​ថ្មី​ត្រូវ​ចុះ​មក​ទទួល​តំណែង​​ពី​ទេព្តា​ឆ្នាំ​ចាស់​នោះ គេ​អាច​ដឹង​បាន​​ដោយ​​​ប្រើ​​ក្បួន​ហោរាសាស្ត្រ​​បុរាណ​ គឺ​​ក្បួន​មហាសសង្ក្រាន្ត។

ពីសម័យបុរាណ​ក្រុង​នគរធំ​មក ខ្មែរ​យើង​ប្រើ​ចន្ទគតិ (​វិធី​ដើរ​នៃ​ព្រះ​ចន្ទ​) ទើប​កំណត់​យក​ខែ​មិគសិរ​ជា​ខែ​ចូល​ឆ្នាំ ហើយ​ជា​ខែ​ទី​១ ខែកត្តិក ជា​ខែ​ទី​១២ ។ លុះ​ក្រោយ​មក​ទើប​គេ​និយម​ប្រើ​សុរិយគតិ (​វិធី​ដើរ​នៃ​ព្រះអាទិត្យ​) ជា​សំខាន់​វិញ ហើយ​កំណត់​ចូល​ឆ្នាំ​ក្នុង​ខែចេត្រ (​ខែ​ទី​៥) ដែល​ព្រះអាទិត្យ​ចរ​ចេញពី​មីនរាសី​ចូល​កាន់​មេសរាសី ហើយ​​ថ្ងៃ​ចូល​ឆ្នាំ​រមែង​ត្រូវ​លើ​ថ្ងៃ​ទី​១៣ នៃ​ខែមេសា (​ចេត្រ​) រៀង​រាល់​ឆ្នាំ ប៉ុន្តែ យូរ​ៗ​ទៅ​មាន​ភ្លាត់ ម្តង​ៗ ចូល​ឆ្នាំ​ក្នុង​ថ្ងៃ​ទី​១៤ ។ មហាសង្ក្រាន្ត​ដែល​ប្រើ​របៀប​គន់គូរ​តាម​សុរិយ​គតិ​មានឈ្មោះ​ថា «​សាមញ្ញ​សង្ក្រាន្ត​» (​ព្រះអាទិត្យ​ដើរ​ត្រង់​ពីលើ​ក្បាល​ជា​សង្ក្រាន្ត​) ។ មហាសង្ក្រាន្ត​ដែល​ប្រើ​របៀប​គន់គូរ​តាម​ចន្ទគតិ​ហៅ​ថា «​អា​យន្ត​សង្ក្រាន្ត​​» (ពេល​ដែល​ព្រះអាទិត្យ​ដើរ​បញ្ឆៀង​មិន​ត្រង់​ពីលើ​) ។ គេ​នៅ​ប្រើ​ចន្ទគតិ​អែប​គ្នា នឹង​សុរិយគតិ​ដែរ ព្រោះ​ចន្ទគតិ​មានការ​ទាក់ទង​នឹង​ពុទ្ធ​ប្បញ្ញត្តិ​ច្រើន ។ ចំណែកឯ​ថ្ងៃ​ចូល​ឆ្នាំ​តាម​ចន្ទគតិ​មិន​បាន​ទៀងទាត់​ជា​ថ្ងៃ​ណាមួយ​ទេ ជួនកាល​ចូល​ឆ្នាំ​ក្នុង​វេលា​ខ្នើត ជួនកាល​ទៀត​ក្នុង​វេលា​រនោច​ទៅ​វិញ ។ ប៉ុន្តែ​នៅ​ក្នុង​រវាង​១​ខែ គឺ​មិន​មុន​ថ្ងៃ ៤​កើត ខែចេត្រ និង​មិន​ហួស​ថ្ងៃ ៤​កើត ខែ​ពិសាខ​ទេ ដូចនេះ​សង្ក្រាន្ត​ខ្លះ​ធ្លាក់​ទៅ​ក្នុង​ខែ​ពិសាខ ។

តាមទំនៀមនៅ​ពេល​មុន​ចូល​ឆ្នាំ​ គេ​នាំ​គ្នា​ប្រុងប្រៀប​រក​ស្បៀងអាហារ សំអាត​ផ្ទះសំបែង រែក​ទឹក​ដាក់​ពាង រក​អុស​ទុក កាត់​សម្លៀក​បំពាក់ ថ្មី​ៗ​ជាដើម ។

លុះដល់ថ្ងៃ​ចូល​ឆ្នាំ​មក​ដល់​គេ​រៀប​គ្រឿង​សក្ការបូជា​សម្រាប់​ទទួល​ទេវតា​ថ្មី មាន ៖ បាយសី​មួយគូ ស្លាធម៌​១​គូ ធូប​៥ ទៀន​៥ ទឹកអប់​១​គូ ផ្កា​ភ្ញី លាជ ទឹក​មួយ​ផ្តិល និង​ភេសជ្ជៈ នំនែក ផ្លែ​ឈើ​គ្រប់មុខ ។ ចំណែក​ផ្ទះសំបែង​គេ​តុបតែង​រំលេច​ដោយ​អំ​ពូ​ល​អគ្គិសនី​ខ្សែ តូច​ៗ​ចម្រុះ​ពណ៌ ឬ​ចង្កៀងគោម​គ្រប់​ពណ៌​សម្រាប់​ទទួល​ទេព្តា​ថ្មី​។

លុះដល់​វេលា​កំណត់​ទេព្តា​ថ្មី​ចុះ​មក​ហើយ គេ​នាំ​កូនចៅ​អង្គុយ​ជុំ​គ្នា នៅ​ជិត​កន្លែង​រៀប​គ្រឿង​សក្ការ​នោះ ហើយ​អុជ​ទៀន ធូប បាញ់​ទឹកអប់ បន់ស្រន់​សុំ​សេចក្តីសុខ​ចម្រើន​គ្រប់​ប្រការ​ពី​ទេព្តា​ថ្មី ។

ចំពោះ​គ្រឿង​សក្ការ និង​ក្រយាស្ងោយ​ដាក់​ថ្វាយ​ទេ​ព្តោ​នាះ គេ​និយម​តម្រូវ​តាម​ចិត្ត​ទេវតា​ដែល​នឹង​ត្រូវ​ចុះ​ក្នុង​ឆ្នាំ នីមួយ​ៗ ។ ឧទាហរណ៍ បើ​ទេវតា​ដែល​ត្រូវ​ចុះ​មក​នោះ​សោយ​ល្ង សណ្តែក គេ​ដាក់​សណ្តែក ល្ង ថ្វាយ ។

ពិធី ៣​ថ្ងៃ​នៃ​ថ្ងៃ​ចូល​ឆ្នាំ​នោះ​គឺ ៖
ថ្ងៃទី ១ ៖ គេ​ត្រូវជួបជុំគ្រួសារ ត្រៀមអុចធូបបន់ស្រន់ទទួលទេវតាឆ្នាំថ្មីដែលចុះមកដើម្បីសុំនូវសេចក្ដីសុខ ហើយនិងការបន់ស្រន់សុំសំរេចនូវបំណងប្រាថ្នាអ្វីមួយពីទេវតាឆ្នាំថ្មី បន្ទាប់មកកូនចៅ​ជូន​សំលៀក​បំពាក់ នំ​ចំណី លុយ​កាក់ ​ដល់​អ្នក​មាន​គុណ មាន​ឪពុក​ម្តាយ ជី​ដូន​ជីតា ​ជា​ដើម ជួន​កាល​គេ​ធ្វើ​ទាន ដល់​មនុស្ស​បម្រើ ឬ​អ្នកក្រីក្រ​ទៀត​ផង ។

ថ្ងៃទី ២ ៖ គេយក​ចង្ហាន់​ទៅ​ប្រគេន​​ភិក្ខុទាំង​ឡាយ​នៅ​​តាម​វត្តអារាម ពេល​ល្ងាច​គេនាំ​គ្នា​ជញ្ជូន​ខ្សាច់​សាង​ វា​លុក​ចេតិយ ​នៅ​ជុំវិញ​ព្រះវិហារ ឬ​នៅ​ជុំវិញ​ដើម​ពោធិ​ណា​មួយ​នៅ​ក្នុង​វត្ត​នោះ។ នៅ​ពេល​ព្រលប់​ គេ​ប្រគេនភេសជ្ជៈ​ ដល់ភិក្ខុ​ទាំង​ឡាយ និមន្ត​ភិក្ខុ​សូត្រ​​ចម្រើន​ព្រះបរិត្ត និង​ សំដែង​ធម្ម​ទេសនា។ ពេល​រសៀល​ គេ​នាំ​គ្នា​ទៅ​ពូន​ភ្នំ​ខ្សាច់​ទៀត ហើយ​សូត្រធម៌​អធិដ្ឋាន​ភ្នំខ្សាច់​ដែល​គេ​សន្មត់​ទុក​ដូច​ចូឡាមនីចេតិយ ហើយ​និមន្ត​ភិក្ខុ​ទាំង​ឡាយ​ បង្សុកូលចេតិយ បញ្ជូន​មគ្គផល​ ដល់​វិញ្ញាណ​ក្ខន្ធបង​​ប្អូន ដែល​បាន​ស្លាប់​ទៅ។

ថ្ងៃទី ៣ ៖ ពេល​ព្រឹក​គេនិមន្តព្រះរស់(ឪពុកម្ដាយ)នៅក្នុងផ្ទះដើម្បីស្រង់ទឹកលាងបាប និងជាការដឹងគុណផង រីឯពេលថ្ងៃគេទៅស្រង់ព្រះពុទ្ធបដិមាដើម្បីយកទឹកមកលប់លាងមុខដើម្បីជំរះនៅឧបទ្រុព្ទចង្រៃផ្សេងៗ រួចគេនិមន្ត​ភិក្ខុ​ទាំង​ឡាយ​សូត្រ​ឆ្លង​ភ្នំខ្សាច់ ពេល​ល្ងាចភិក្ខុ​សង្ឃត្រូវចេញទៅស្រង់​ទឹកជូនឧបាសក់នៅតាមភូមិស្រុកវិញដើម្បីជំរះនៅឧបទ្រុបចង្រៃក្នុងឆ្នាំចាស់ ដើម្បីបញ្ជាក់អត្ថន័យថា ការធ្វើអំពើល្អទៅ អំពើល្អនិងត្រលប់សងមកវិញ។

នៅ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ គេ​នាំ​គ្នា​ដើរលេងកំសាន្តជាគ្រួសារ ទៅកាន់តំបន់រមណីយដ្ឋាណផ្សេងៗ ជាពិសេស តំបន់ប្រវត្តិសាស្ត្រ អង្គរ និងតំបន់ធម្មជាតិនៃខេត្ត សៀមរាប និងលេងល្បែង​ប្រជាប្រិយ​កម្សាន្ដ​សប្បាយ​ជា​ច្រើន ដូច​ជា​លេង​ បោះអង្គញ់ ចោល​ឈូង ទាញព្រ័ត្រ លាក់កន្សែង ចាប់កូនខ្លែង រាំក្បាច់ សារ៉ាវ៉ាន់ ឡាំលាវ និង​រាំវង់​ជាដើម ព្រមទាំង​មាន​របាំ​ត្រុដិ ផង​ដែរ ។

ល្បែងបោះអង្គុញ ពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ
ល្បែងប្រជាប្រិយបោះអង្គុញ ក្នុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ – Photo Credit: The Intercon Rooster
ល្បែងប្រជាប្រិយទាញព្រាត់ ក្នុងពេលចូលឆ្នាំថ្មីប្រពៃណីខ្មែរ
ល្បែងប្រជាប្រិយទាញព្រាត់ ក្នុងពេលចូលឆ្នាំថ្មីប្រពៃណីខ្មែរ – Photo Credit: Sabay News
ល្បែងប្រជាប្រិយចោលឈូង ក្នុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ
ល្បែងប្រជាប្រិយចោលឈូង ក្នុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ – Photo credit: Entertainment Sabay

អត្ថន័យ​នៃ​ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ

រាល់​ឆ្នាំ ជនជាតិ​ខ្មែរ​និយម​រៀបចំ​ពិធី បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​នៅ​ថ្ងៃ​ទី ១៣ ខែ​មេសា​ (យូរ​ៗម្ដង ថ្ងៃ​ទី ១៤ ខែ មេសា) ត្រូវ​​នឹង​ខែ ចេត្រ នៃ​ចន្ទគតិ។ ដោយ​ឥទ្ធិពល​សាសនា​ព្រាហ្មណ៍​ ខ្មែរយើងបានប្រើតាមក្បួន​គម្ពីរ​ សាស្ត្រា​បុរាណ​របស់​លទ្ធិ​ព្រាហ្មណ៍ ដើម្បីកំណត់ថ្ងៃចូលឆ្នាំថ្មីតាម​​ សុរិយគតិ (ដំណើរនៃ​ព្រះអាទិត្យ) ព្រោះ​ក្នុង​ខែ​នេះ​ ​ព្រះអាទិត្យ​ធ្វើ​ដំណើរ​ចេញ​ពី​ មីនរាសី (Mina Rashi បណ្តុំ​ផ្កាយ​រាង​ដូច​ត្រី) ​​ចូល​កាន់ ​មេ​សរាសី (Mesa Rashi បណ្តុំ​ផ្កាយ​រាង​ដូច​ចៀម​ឬ​​ពពែ​ឈ្មោល) ។ ​ការ​ចរចេញ​របស់​​​​ព្រះអាទិត្យ​ពី​រាសី​មួយ​ទៅ​កាន់​រាសី​មួយ​ហៅ​ថា សង្ក្រាន្ត ឬ សង្ក្រាន្តិ (sankranti) ។ ក្នុង​មួយ​ឆ្នាំ​មាន ១២ សង្ក្រាន្ត ។ ពួក​ព្រាហ្មណ៍​បាន​កំណត់​យក​ មេសរាសី​ ជា​រាសី​ទី​មួយ (រាសី​តំបូង, រាសី​ក្បាល, ​រាសី​ធំ ឬ មហារាសី)ទើប​គេ​ហៅ​សង្ក្រាន្ត​នៅ​ខែ ​មេសា ​ថា មហាសង្ក្រាន្ត គឺ​ដំណើរ​ឆ្លង​កាត់​របស់​ព្រះ​អាទិត្យ​ ពី​ចក្ររាសី​នៃ​ឆ្នាំ​ចាស់​ ទៅ​កាន់​ចក្ររាសី​នៃ​ឆ្នាំ​ថ្មី ( រាសីចក្រ ឬ ចក្ររាសី (រង្វង់​រាសី) ​ត្រូវ​នឹង​មួយ​ឆ្នាំ ) ។ សព្វ​ថ្ងៃ​ ខ្មែរ​នៅ​បន្ត​ប្រើ​ប្រាស់​ក្បួន​គិត​ថ្ងៃ​ខែ​តាម​វិធី​ចន្ទគតិ និង សុរិយគតិ សម្រាប់​ការ​រៀប​ចំ​កិច្ច​ខាង​សាសនា ប៉ុន្តែ​​សម្រាប់​កិច្ចការរាជការ ខ្មែរ​​បែរ​មក​ប្រើ​ក្បួន​គិត​ថ្ងៃ​ខែ​ឆ្នាំ​តាម​គ្រិស្តសាសនា​ ​ដូច​បណ្តា​ប្រទេស​ទាំង​ឡាយ​នៅ​លើ​សាកលលោក​​ដែរ ដែល​យើង​នាំ​គ្នា​ហៅ​ថា ឆ្នាំ​សាកល ឬ គ្រិស្តសករាជ ។ ​

តាម​ទម្លាប់ ជនជាតិ​ខ្មែរ​និយម​រៀបចំ​ចូល​ឆ្នាំ​ចំនួន ៣ ថ្ងៃ​គឺ ៖ ថ្ងៃទី១ ​ជាថ្ងៃ​ចូល​ឆ្នាំ, ថ្ងៃ​ទី ២ ជាថ្ងៃ (វារៈ) វនបត, ថ្ងៃទី ៣ ជា​ថ្ងៃ​ឡើង​ស័ក ។ ជនជាតិណាក៏ប្រារព្ឋធ្វើបុណ្យ ចូលឆ្នាំថ្មីរបស់ គេដែរ ។ ចំពោះខ្មែរយើង នាំគ្នារៀបចំពិធីបុណ្យចូលឆ្នាំថ្មី ប្រពីណីជាតិ ជារៀងរាល់ឆ្នាំ ព្រោះ​យើងយល់ថាបុណ្យចូលឆ្នាំថ្មី មានអត្ថន័យ​ជ្រាលជ្រៅ ។ ខ្មែរ​មានជំនឿថា ក្នុងមួយឆ្នាំនៃការរស់នៅ គេតែងជួបប្រទះអពមង្គល​ ឧបទ្រព្យ​ចង្រៃផ្សេងៗ​ ជូនកាលមានទុក្ខសោក ជួនកាលមានគ្រោះអាសន្ន ជួនកាលមានជំងឺរូបរឹតរាងកាយ ជូនកាលទៀត បាន​ប្រព្រឹត្ដ​អំពើ​សៅហ្មង មិនគប្បី ។​ លុះផុតឆ្នាំចាស់ទៅ គេនាំគ្នាធ្វើបុណ្យ គេស្លៀកពាក់ថ្មីៗ គេនាំគ្នាដើរលេងកំសាន្ដ ដើម្បីឲ្យ​អស់​កង្វល់ ហើយ​ឲ្យ​មាន​សិរី​សួស្ដី មានសុភមង្គលនៅក្នុងឆ្នាំថ្មី ។

ម្យ៉ាងទៀត រយៈពេលមួយឆ្នាំ ពួក​គេបានបែកចេញពី គ្រួសារ និង ញាតិមិត្ដ ទៅប្រករបរចិញ្ចឹមជិវិតនៅទី​ឆ្ងាយ ៗ ។ លុះដល់ឆ្នាំថ្មី គេ​បាន​វិល​មក​ជូបជុំគ្នា សូរសុខទុក្ខគ្នា ដើម្បីបន្ឋូរការនឹករឭក និង​បំបាត់ការនឿយហត់ពីការងារផង ។ រួច​ទើបបន្ដជីវភាពថ្មីនៅក្នុងឆ្នាំថ្មី ប្រកប​របរ​ដោយ​ជោគជ័យ និង អាយុយឺន​យូរ ។ ម្យ៉ាងទៀត ពិធីបុណ្យចូលឆ្នាំថ្មី​គឺជាប្រពៃណីអាចបណ្ដុះស្មារតីស្រឡាញ់​រាប់​អាន​គ្នារវាង​អ្នក​​ភូមិ​ស្រុក​ជិតខាងគ្នា ជាកត្ដាបង្កើតសាមគ្គីភាពជាតិ ។ ហេតុនេះហើយ ទើបនៅពេលនោះ គេមិនត្រឹមតែជួបជុំគ្នាក្នុងគ្រួសារប៉ុណ្ណោះ​ទេ តែ​គេ​នាំ​គ្នា​ទៅ​ធ្វើ​បុណ្យ​នៅ​វត្ដ​អារាម​ ដែល​ជាមជ្ឈមណ្ឌល​អប់​រំ​ឲ្យ​មាន​ការ​មនុស្សធម៌ និង សាមគ្គីភាព ។ ដោយសារពីធីបុណ្យចួលឆ្នាំថ្មី មាន​អត្ថន័យ​ធំធេង​យ៉ាង​នេះ ទើបខែ្មរយើងនិយមរាប់អានទុកជា ប្រពៃណីជាតិ​តាំង​ពី​ដើម​រហូត​មក ។

ដើម្បីផ្តល់នូវសង្ក្រាន្តដ៏អស្ចារ្យសំរាប់ក្រុមគ្រួសាររបស់អ្នក ហើយ​ឲ្យ​មាន​សិរី​សួស្ដី និង សុភមង្គលនៅក្នុងឆ្នាំថ្មី ចូរជ្រើសរើសយកការសំរាកលំហែរកាយនៅកន្លែងដែលល្អប្រណិត ផ្តល់បទពិសោធន៍ដ៏អស្ចារ្យ ដល់ការស្នាក់នៅរបស់អ្នក។

តើអ្នកមានការយោបល់បន្ថែមក្រៅពីចំណុចដែលបានរៀបរាប់ខាងលើ? សូមមេត្តាចែករំលែកមតិយោបល់ខាងក្រោម!

ឯកសារយោង៖

ពិធីបុណ្យចូលឆ្នាំខ្មែរ ពី ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ

ពិធីបុណ្យចូលឆ្នាំខ្មែរ ពី វិគីភីឌៀរ

Leave a Reply

Your email address will not be published. Required fields are marked *