ធ្លាក់ប្រសិទ្ធភាពការងារ ទោះធ្វើការច្រើនយ៉ាងណាក៍ដោយ? តើដោយសារអ្វី?

រវល់ខ្លាំងណាស់ ប៉ុន្តែលទ្ធផលការងារធ្លាក់ចុះ មិនគាប់ប្រសើរ តើអ្នកធ្លាប់ជួបប្រទះបញ្ហានេះដែររឺទេ? ពិតណាស់ថាយើងខិតខំបំពេញការងារទាំងនៅកន្លែងធ្វើការផង និងពេលខ្លះយកធ្វើនៅផ្ទះទៀត រហូតដល់យប់ជ្រៅទើបចូលគេង។ ព្រឺកឡើងត្រូវងើបទៅធ្វើការអោយទាន់ម៉ោងទៀត។ ទីបញ្ចប់បែរជាលទ្ធផលនៃការងារដូចជាមិនសូវល្អទាល់តែសោះ។ កត្តាទាំងនេះបណ្តាលមកពី ការធ្លាក់ចុះខ្សោយនៃប្រពន្ធ័ខួរក្បាលរបស់អ្នក ដោយសារអ្នកធ្វើការលើសកំណត់ គេងមិនគ្រប់គ្រាន់ ភ្នែករបស់អ្នកមានភាពនឿយហត់ខ្លាំងដោយសំលឹងកុំព្យូទ័រយូរពេក និងអង្គុយតែមួយកន្លែងជាច្រើនម៉ោង។

វាជាការចេះធ្វើការដ៏ឈ្លាសវៃ មិនមែនគិតតែខំប្រឹងធ្វើការខ្លាំង និងធ្វើការរាប់ម៉ោងអត់ដេកអត់ពួនតែមួយមុខនោះទេ បើមិនឆ្លៀតមានពេលសំរាកខ្លះទេ អ្នកនិងអាចកា្លយជាជនរងគ្រោះនៃជំងឺបាក់កំលាំង និង ធ្លាក់ទឹកចិត្ត។ អ្នកគួរតែមានពេលសំរាកលំហែរកាយ លំហែរខួរក្បាល និងធ្វើអោយអារម្មណ៍ស្រស់ស្រាយ ដើម្បីប្រសិទ្ធភាពការងាររបស់អ្នក។

ខាងក្រោមនេះ គឺជាមតិយោបល់មួយចំនួនស្តីពីទំនាក់ទំនងគ្នារវាង វិស្សមកាល រឺសំរាកពីការងារ និងប្រសិទ្ធភាពការងារ៖

ធ្វើការអំឡុងពេលវិស្សមកាលមិនធ្វើអោយរីកចំរើនប្រសិទ្ធភាពការងារនោះទេ

ជាធម្មតា ពេលរដូវបុណ្យជាតិ រឺថ្ងៃឈប់សំរាកផ្សេងៗ គឺបុគ្គលិកភាគច្រើនត្រូវបានឈប់សំរាក។ តែផ្ទុយមកវិញអ្នកមានការងារច្រើនត្រូវបញ្ចប់ ដូច្នេះអ្នកត្រូវមកបំពេញការងារនៅការិយាល័យតែម្នាក់ឯង រឺធ្វើនៅគេហដ្ឋាន ដោយមិនបានធ្វើដំណើរកំសាន្តដូចគេ។ ធ្វើបែបនេះគឺមិនបានធ្វើអោយការងាររបស់អ្នកបានល្អប្រសើរនោះទេ អ្នករកនូវសំពាធផ្នែកអារម្មណ៍ ហើយប្រពន្ធ័ខួរក្បាលរបស់អ្នកវាដំណើរការមិនមានថាមពលឡើយ។ អ្នកខំប្រឹងអង្គុយមុខកុំព្យូទ័រជាច្រើនម៉ោងពិតមែន ប៉ុន្តែលទ្ធផលការងារបានតិចតួចមែនទែន។ ជួនពេលខ្លះ អ្នកបែរជារវល់តែលែងជាមួយ បណ្តាញសង្គម ផ្ញើរសារ រឺមើលវិឌីអូលើអនឡាញ ស្ទើរតែអស់ពេលពេញមួយថ្ងៃ។ អ្នកចំណាយពេលវេលាដ៏មានតំលៃរបស់អ្នក ដោយគ្មានបានលទ្ធផលអ្វីទាល់តែសោះ។

បរិយាកាស និងស្ថានការណ៍ គឺវាមានឥទ្ធិពលដល់កំរិតប្រសិទ្ធភាពការងាររបស់អ្នក។ ពេលវេលាឈប់សំរាកមកដល់ រឺថ្ងៃពិសេសផ្សេងៗដែលត្រូវសំរាក អ្នកគួរតែឈប់សំរាក ហើយដើរកំសាន្តដើម្បីបន្ធូរអារម្មណ៍ដ៏តានតឹង។

វិស្សមកាលកាត់បន្ថយកំរិតស្ត្រេស

ការងារប្រចាំថ្ងៃ កិច្ចការផ្ទះ និងបរិយាកាសសង្គមធ្វើអោយយើងមានភាពនឿយហត់ផ្នែកអារម្មណ៍និងខួរក្បាល។ ប្រសិនបើយើងមិនមានថាមពលនិងអារម្មណ៍ល្អនោះទេ កំរិតនៃការគិតរបស់យើងក្នុងការបំពេញការងារ វាពិតជាមិនបានល្អនោះឡើយ។ ស្ត្រេសអាចធ្វើអោយយើងមានគំនិតអវិជ្ជមានច្រើន និងបាត់បង់នូវទំនុកចិត្ត បើសិនជាអ្នកមិនមានវិធីណាដើម្បីកាត់បន្ថយវាទេនោះ។ វាធ្វើអោយមានផលប៉ះពាល់យា៉ងខ្លាំងជាមួយកិច្ចការរបស់អ្នកផងដែរ។

មានវិធីសាស្ត្រមួយចំនួនអ្នកអាចធ្វើបានដើម្បីកាត់បន្ថយស្ត្រេស ដូចជា លំហាត់ប្រាណដោយជិះកង់ ហែលទឹក រត់ លេងបាល់ទាត់ បាល់បោះ វាយសី ជួបជុំមិត្តភក្តិជជែកកំសាន្ត និងសមាធិជាដើម។ អ្វីដែលពិេសសនោះអ្នកគួរតែយកពេលវេលាខ្លះដើរកំសាន្ត មិនថាទៅទីកន្លែងជិត រឺឆ្ងាយនោះទេ។ ដំណើរកំសាន្តធ្វើអោយអ្នកមានអារម្មណ៍ស្រស់ស្រាយ ហើយរាល់ការស្នាក់នៅ វិស្សមកាលរីស៊ត និងសណ្ឋាគារដែលមានទេសភាពស្អាត និងបរិយាកាសល្អ អាចជាឪសថដ៏ប្រសិទ្ធភាពជួយ អោយអ្នកលំហែរកាយ និងអារម្មណ៍ផងដែរ។

ចេញទៅខាងក្រៅ ជួបបទពិសោធន៍ថ្មីនិងភ្លែក បង្កើនគំនិតឆ្នៃប្រឌិត

ដំណើរកំសាន្តនាំអោយអ្នកផ្លាស់ទីពីកន្លែង និងបរិដ្ឋានដដែលៗប្រចាំថ្ងៃ ទៅកាន់បរិដ្ឋានថ្មីៗ និងប្លែកៗ។ វាអាចជួយអោយអ្នកគិតបានទូលំទូលាយ និងផ្លាស់ប្តូរការមើលឃើញរបស់អ្នកទៅកាន់ពិភពលោក។ អ្នកអាចនិយាយបានថា ការងារច្រើនធ្វើមិនអស់ ហើយមានពេលឯណាទៅដើរលេងនោះ! ពិតណាស់ថា អ្នកចង់អោយការងារបានលទ្ធផលល្អ ហើយផ្តោតលើតែការងារជំនាញរបស់អ្នកតែមួយមុខ ដោយមិនបានយកពេលខ្លះ ទៅស្វែងយល់បទពិសោធន៍ថ្មី រឺក៏បង្កើនចំណាប់អាម្មណ៍ថ្មីសំរាប់ខ្លួនឯង។

ដំណើរកំសាន្តអាចអោយអ្នកចំណេញនូវគំនិតថ្មីៗ និងអភិវឌ្ឍន៍ទស្សនះវិស័យជាសកល។ ពេលអ្នកត្រឡប់មកធ្វើការនៅការិយាល័យបន្ទាប់ពីវិស្សមកាល ឃ្លាំងសម្បត្តិនៃបទពិសោធន៍ជីវិតពិតដែលអ្នកនាំយកមក អាចធ្វើអោយអ្នកក្លាយជា ធនធានមួយដ៏មានតំលៃកាន់តែខ្លាំង។

គេងបានគ្រប់គ្រាន់ដើម្បីថាមពលត្រឡប់មកវិញ

ពេលអ្នកហេវហត់អស់កំលាំង ទាំងអារម្មណ៍ និងការគិតរបស់អ្នកក៍ចុះខ្សោយតាមហ្នឹងផងដែរ។ ជៀសវាងកំហុខឆ្គងក្នុងការសំរេចចិត្តនាៗក្នុងកិច្ចការងារ អ្នកគួរគប្បីទទួលដំណេកអោយបានគ្រប់គ្រាន់។ ដំណេកគឺជាសុភមង្គលមួយសំរាប់មនុស្សគ្រប់ៗគ្នា។ បើអ្នកគេងមិនបានស្កប់ស្កល់ហើយ សម្ថភាពធ្វើការរបស់អ្នកក៏ធ្លាក់ចុះតាមនិងដែរ។ អារម្មណ៍មួរម៉ៅ និងស្ត្រេសក៏កើនឡើងដែរ។

យា៉ងណាមិញ ពេលអ្នកធ្វើដំណើរកំសាន្ត អ្នកអាចទទួលដំណេកបានស្កប់ស្កល់ ហើយធ្វើអោយអារម្មណ៍អ្នកស្រស់ថ្លា និងមានថាមពលពេលភ្ងាក់ពីដំណេក។

 

សរុបសេចក្តីមក មិនមែនសុទ្ធតែរវល់ និងធ្វើការគ្មានពេលសំរាក ធ្វើអោយអ្នកទទួលបានប្រសិទ្ធភាពការងារខ្ពស់នោះទេ។ ជំរើសដ៏ឈ្លាសវៃនោះ គឺអ្នកគួរតែសំរាកនិង ធ្វើដំណើរកំសាន្តដើម្បីបន្ធូរអារម្មណ៍តឹងតែង។ ពេលអ្នកមានថាមពល និងអារម្មណ៍ស្រស់ថ្លាបន្ទាប់ពីដំណើរកំសាន្តមក អ្នកនិងអាចបំពេញការងារយា៉ងមានប្រសិទ្ធភាព។

តើអ្នកយល់យ៉ាងណាដែរចំពោះទំនាក់ទំនង ប្រសិទ្ធការងារ និងដំណើរកំសាន្តខាងលើ? ប្រសិនបើ អ្នកមានមតិយោបល់ចង់ចូលរួមចែករំលែក សូមសរសេនៅខាងក្រោម៖

Leave a Reply

Your email address will not be published. Required fields are marked *