• Home
  • /
  • វប្បធម៌ Culture
  • /
  • នាំកូនរបស់អ្នកមកទស្សនាប្រាង្គប្រាសាទអង្គរវត្ត និង ប្រាសាទល្បីនាៗផ្សេងទៀតក្នុងតំបន់អង្គរ មុនពេលពួកគេធំដឹងក្តី!
Cambodian family at a temple in Siem Reap

នាំកូនរបស់អ្នកមកទស្សនាប្រាង្គប្រាសាទអង្គរវត្ត និង ប្រាសាទល្បីនាៗផ្សេងទៀតក្នុងតំបន់អង្គរ មុនពេលពួកគេធំដឹងក្តី!

បុព្វបុរសខ្មែរយើងបានបន្សល់ទុកនូវស្នាដៃសំណង់ប្រាសាទជាច្រើនសំរាប់កូនចៅជំនាន់ក្រោយ មានទាំងប្រាសាទលើផ្ទៃដីរាប និង លើកំពូលភ្នំ ដែលប្រាសាទទាំងនោះត្រូវបានកសាងឡើងដើម្បីឧទិសដល់អតិទេពនិង សាសនាតាមរជ្ជកាលនៃព្រះមហាក្សត្រនាសម័យនោះ។

ប្រាសាទទាំងអស់នោះបង្កប់នូវអាថ៍កំបាំង អត្ថន័យ និងរឿងរ៉ាវប្រវត្តិសាស្ត្រជាច្រើនឥតគណនា រហូតដល់ ជនជាតិបរទេសមកពីគ្រប់ទិសទីនៃពិភពលោកទាំងក្មេង ទាំងចាស់ ធ្វើដំណើរចំងាយរាប់រយគីឡូម៉ែត្រមកទស្សនា ប្រាង្គប្រាសាទអច្ជរិយៈរបស់ដូនតាខ្មែរយើង។ នេះពិតជាមោទនជាតិសំរាប់ប្រទេសកម្ពុជា ដែលសំបូរដោយសម្បត្តិប្រវត្តិសាស្ត្រដ៏កំរទាំងនេះ។

កាលនៅពីក្មេង ខ្ញុំធ្លាប់បានលឺថា ចាស់ៗមួយចំនួនមកពីតំបន់ផ្សេងៗនៃប្រទេសកម្ពុជាដែលបានមកទស្សនាប្រាសាទបុរាណនេះហើយ ជាពិសេស ប្រាសាទអង្គរវត្ត មានប្រសាសន៍ថា បានមកមើលឃើញផ្ទាល់ភ្នែកមួយដងក្នុងមួយជីវិតនេះ ស្លាប់ទៅវិញ បិទភ្នែកជិតហើយ។ គ្រាន់តែបានលឺពាក្យពេចន៍បែបនេះ គឺពិតជាមានអារម្មណ៍រំភើបញាប់ញ័រ រកអ្វីមកថ្លែងពុំបានឡើយ!

ខ្ញុំធ្លាប់បានលឺថា ចាស់ៗមួយចំនួនមកពីតំបន់ផ្សេងៗនៃប្រទេសកម្ពុជាដែលបានមកទស្សនាប្រាសាទបុរាណនេះហើយ ជាពិសេស ប្រាសាទអង្គរវត្ត មានប្រសាសន៍ថា បានមកមើលឃើញផ្ទាល់ភ្នែកមួយដងក្នុងមួយជីវិតនេះ ស្លាប់ទៅវិញ បិទភ្នែកជិតហើយ។

ពិតណាស់ថា ការរុករកស្វែងយល់ ចង់ដឹង ចង់ឃើញ អំពីស្នាដៃដូនតាខ្មែរយើង គប្បីធ្វើឡើងតាំងពីនៅវ័យកុមារ មិនចាំបាច់ទាល់តែដល់ពេលធំនោះទេ។  មាតាបិតាគ្រប់រូបគួរគប្បី នាំកូនតូចៗរបស់ខ្លួនមកទស្សនាប្រាង្គប្រាសាទដ៏អស្ចារ្យទាំងនេះ ទាន់ពួកគេនៅក្មេង។ វាគឺជាអត្ថប្រយោជន៍ដ៏វិសេសវិសាល សំរាប់ពួកគាត់ ដើម្បីពង្រីកការច្នៃប្រឌិត និង ការស្រមើលស្រម៉ៃនាពេលអនាគត់។

ដើម្បីជាគន្លឹះក្នុងការដើរទស្សនាប្រាង្គប្រាសាទជាមួយកូនរបស់អ្នក ខ្ញុំសូមណែរនាំប្រាសាទទាំង១០ដូចខាងក្រោម៖

១. ប្រាសាទអង្គរវត្ត

ប្រាសាទអង្គរវត្ត សៀមរាប
ប្រាសាទអង្គរវត្ត សៀមរាប

ប្រាសា​ទ​អង្គរវត្តត្រូវ​បាន​កសាង​ឡើង​នៅដើមសតវត្សទី១២ ដោយព្រះបាទសូរ្យវរ្ម័នទី២ ដែលជាស្នាដៃដ៏ធំ​ចម្បង​អស្ចារ្យ​និងមានឈ្មោះ​ល្បី​ល្បាញ​រន្ទឺ​សុះសាយទៅគ្រប់ទិសទីលើពិភពលោក។ យោងតាមឯកសារប្រវត្តិសាស្ត្រ ប្រាសាទនេះត្រូវបានបង្កើតឡើងដើម្បីឧទ្ទិសដល់ ព្រះវិស្ណុ ក្នុងព្រហ្មញ្ញសាសនា តែក្រោយមក ពុទ្ធនិយម។ ដូច្នេះហើយបានជាគេឃើញមានរូបចំលាក់ ជាច្រើន សំរាប់ព្រហ្មញ្ញសាសនា និង ពុទ្ធសាសានានៅលាយឡំគ្នាពាសពេញប្រាសាទ។ ចំណែកឯនៅតាមជញ្ជាំងប្រាសាទវិញ មានរូបចំលាក់ពិពណនារឿងទេវកថាបែបសាសនាទាំងពីរជាច្រើន ដូចជា រឿងមហាភារតះ រឿងរាមកេរ្តិ៍ រឿងកូរសមុទ្រទឹកដោះ ចម្លាក់ឋាននរកនិងឋានសួគ៌ ។ល។ ពេលអ្នកនាំកូនរបស់អ្នកចូលដល់បរិវេណខាងក្នុងអង្គរវត្ត ការគោរពបូជាចំពោះរូបចម្លាក់បុរាណ ដោយនាំពួកគេអុជធូប និង សំពះបួងសួងសុំសេចក្តីសុខគឺជាទង្វើដ៏ប្រពៃបំផុត។ កាលណាគេបានយល់ដឹងទង្វើល្អពីក្មេង ពួកគេនិងចងចាំ និង ប្រតិបត្តិអំពើល្អទាំងនេះរហូតពេញមួយជីវិតរបស់ពួកគេ។

ប្រាសាទ​អង្គរវត្តត្រូវបានចាត់ទុកជារចនាបថបុរាណជាន់ខ្ពស់កំពូលនៃស្ថាបត្យកម្មខ្មែរ ​​ជានិមិត្តរូបកម្ពុជា ដែលរំលេចលើទង់ជាតិរបស់ប្រទេស ជារូបភាព​តំណាង​ប្រទេសជាតិខ្មែរ។ ក្នុងន័យនេះ វាពិតជាមានសារះសំខាន់ខ្លាំងណាស់ដែល អ្នកចាំបាច់ណែនាំកូនតូចរបស់អ្នក អោយស្គាល់ទង់ជាតិរបស់ខ្លួន ក្នុងអត្ថន័យ អោយស្គាល់អំពី អត្តសញ្ញាណជាតិខ្លួន។
ប្រាសាទអង្គរវត្តដែលជាអច្ឆរិយវត្ថុមួយនេះ មានរឿងរ៉ាវអស្ចារ្យ និង អាថ៍កំបាំងបង្កប់អត្ថន័យ ជាច្រើនដែលយើងជាទូទៅមិនបានដឹងនិងយកចិត្តទុកដាក់។ ការទស្សនាជាមួយកូនរបស់អ្នក នាំអោយអ្នក ចាប់ផ្តើមស្វែងយល់បន្ថែម ដើម្បីពន្យល់ណែនាំដល់កូនជាទីស្រលាញ់របស់អ្នក។

២. ប្រាសាទបាយ័ន

ប្រាសាទបាយ័ន សៀមរាប
ប្រាសាទបាយ័ន សៀមរាប – Photo credit: Heng Heang Photography

ប្រាសាទបាយ័នមានទីតាំងស្ថិតនៅចំកណ្តាលនៃក្រុងអង្គរធំ ហើយត្រូវបានកសាងនៅចុងសតវត្សរ៍ទី ១២ និងដើមសតវត្សរ៍ទី ១៣ ដោយ ព្រះបាទជ័យវរ្ម័នទី៧។ ប្រាសាទអង្គរធំជា​ប្រាសាទ​ចុងក្រោយ​ដែល​បាន​កសាង​នៅ​សម័យអង្គរ និង​ជា​ប្រាសាទ​សម័យអង្គរ​តែមួយគត់​ដែល​បាន​សាងសង់ឡើង​ដំបូង​ជាទី សក្ការៈបូជា​ពុទ្ធសាសនា​មហាយាន​ដែល​ឧទ្ទិស​ដល់​ព្រះពុទ្ធ​។ ភាពអស្ចារ្យរបស់ប្រាសាទនេះគឺ រូបចម្លាក់ស្នាមញញឹមនៃព្រហ្មមុខ៤ នៅលើកំពូលប៉មនិមួយៗ និង​ក្នុងចំណោម​ជុំវិញ​កំពូល​កណ្ដាល។ មានការយល់ឃើញខុសគ្នាខ្លះៗពីអ្នកប្រាជ្ញខ្មែរ ដោយភាពស្រដៀងគ្នា​នៃ​មុខ​ដ៏​ធំ​ចំនួន​២១៦​ទៅនឹង​រូបចម្លាក់​នៃ​ព្រះបាទ ជ័យ​វរ្ម័នទី​៧​បានធ្វើអោយ​អ្នកប្រាជ្ញ​មួយចំនួន​សន្និដ្ឋានថា មុខ​ទាំងអស់នោះ​ជាការ​តំណាងអោយ​ព្រះមហាក្សត្រ​នោះ​តែម្ដង​ អ្នក​ផ្សេងទៀត​ជឿជាក់ថា​មុខ​ទាំងអស់នោះ​តំណាងអោយព្រះពោធិសត្វលោកេស្វរៈនៃព្រះពុទ្ធសាសនាមហាយាន។

លើសពីនេះទៅទៀត ប្រាសាទអង្គរធំមានចម្លាក់ដ៏ល្អប្រណីត ដែលរៀបរាប់ពីរឿងទេវកថានៅថែវខាងក្នុង និងខាងក្រៅ រៀបរាប់ពីជីវភាពរស់នៅរបស់ប្រជាជននៅសម័យអង្គរ មានទាំងផ្សារ ការនេសាទ ពិធីបុណ្យ ល្បែងប្រដាល់ ជល់មាន់ ។ល។ និងថែមទាំងមានការរៀបរាប់ពីព្រឹត្តិការណ៍ប្រវត្តិសាស្រ្តចម្បាំង និងព្យុហយាត្រាជាដើម។

ចំពោះភ្ញៀវទេសចរណ៍ដែលមកទស្សនាេខត្តសៀមរាប មិនដែលរំលងប្រាសាទមួយនេះឡើយ។ ប្រាសាទនេះត្រូវបានគេចាត់ទុកជាទិសដៅដែល “ត្រូវតែទស្សនា” មួយក្នុងចំណោមប្រាសាទល្បីៗផ្សេងទៀត។

៣. ប្រាសាទបាពួន

ប្រាសាទបាពួន សៀមរាប
ប្រាសាទបាពួន សៀមរាប – Photo credit: Wikipedia

ប្រាសាទនេះមានទីតាំងស្ថិតនៅទិស​ពាយព្យ​នៃ​ប្រាសាទ​បាយ័ន។ តាមប្រវត្តិសាស្ត្រ ប្រាសាទបាពួនត្រូវបានកសាងនៅសតវត្សរ៍ទី១១ រវាងឆ្នាំ១០៦០ ដោយព្រះបាទឧទ័យទិត្យវរ្ម័នទី២ សោយរាជ្យចន្លោះឆ្នាំ(១០៥០-១០៦៦) ដើម្បីឧទ្ទិសថ្វាយដល់ព្រហ្មញ្ញសាសនា។ ប្រាសាទបាពួនគឺជាប្រាសាទភ្នំ តំណាងឱ្យភ្នំសុមេរុដែលជាទីស្ថានរបស់អាទិទេពគង់នៅ។ នៅចំពីមុខតួប៉មរបស់ប្រាសាទបែរមុខទៅទិសខាងកើតដែលតំណាងឱ្យសិរីសួស្តី មានស្ពានមួយប្រវែង២០០ម៉ែត្រ ទទឹងប្រវែង២.៥ម៉ែត្រ ទ្រដោយសសរចំនួន ៥៤៧ដើម រៀបគ្នាជាជួរយ៉ាងស្មើ ប្រើប្រាស់សំរាប់ដើរចូលទៅកាន់ប្រាសាទ។ ស្ពាននេះគឺតំណាងឱ្យផ្លូវភ្ជាប់ពីឋានមនុស្សទៅកាន់ទីឋានសួគ៌។ ចំនែកនៅខាងឆ្វេងនៃស្ពាន មានស្រះទឹកមួយទំហំ ៣៧ម៉ែត្រ គុណ២៨ម៉ែត្រ លម្អដោយកាំជណ្តើរធ្វើអំពីថ្មភក់។ ស្រះនេះត្រូវបានគេយល់ថា គេប្រើសម្រាប់ពិធីលាងបាបនៅសម័យនោះ។

ប្រាសាទភ្នំនេះកសាងដោយថ្មភក់ស្រោបពីខាងក្រៅ រីឯពំនូតដីនិងថ្មបាយក្រៀមត្រូវបានធ្វើជាខឿនស្ថិតនៅផ្នែកខាងក្នុង និង មានរាង ដូចសាជីមានប្រាំថ្នាក់ អមដោយរូបចម្លាក់ក្បាច់រចនា ល្អឆើតទាក់ទងទៅនឹងរឿងរាមកេរ្តិ៍ខ្មែរ ល្បែងកីឡា និងរូបព្រះពុទ្ធចូលព្រះនិពា្វនដែលគេទើបកសាងនាសម័យលង្វែក។

ដោយមានសភាពរលំបាក់បែកជាច្រើននៃតួប្រាសាទ ប្រាសាទនេះត្រូវបានជួសជុលជាបន្តបន្ទាប់ជាច្រើនឆ្នាំ និងបញ្ចប់គម្រោងជាស្ថាពរនៅខែមេសាឆ្នាំ២០១១ ហើយត្រូវបានសម្ពោធឱ្យប្រើប្រាស់ និងទស្សនាជាផ្លូវការណ៍នៅថ្ងៃទី០៣ ខែកក្តដា ឆ្នាំ២០១១ ក្រោមអធិបតីព្រះមហាក្សត្រ សម្តេចព្រះបាទនរោត្តមសីហមុនី និងនាយករមន្រ្តីបារាំងឈ្មោះ Francois Fillon ។

៤. ប្រាសាទភិមានអាកាស

ប្រាសាទភិមានអាកាស សៀមរាប
ប្រាសាទភិមានអាកាស សៀមរាប – Photo credit: kohsantepheapdaily

ប្រាសាទភិមានអាកាស​​មាន​ទីតាំងនៅ​ខាងជើង​ប្រាសាទបាពួន ស្ថិតក្នុង​បរិវេណ​ព្រះបរមរាជវាំង​សម័យអង្គរ។ ​ប្រាសាទបុរាណ​នេះ​ត្រូវបាន​កសាងឡើង​នៅ​ចុង​សតវត្សរ៍​ទី ១០ និង ដើម​សតវត្សរ៍​ទី ១១ ដោយ​ស្នា​ព្រះហស្ត​របស់​ព្រះមហាក្សត្រ​ចំនួន ៣ អង្គ គឺ​ព្រះបាទ រាជេន្ទ្រ​វរ្ម័ន ព្រះបាទ ជយវរ្ម័នទី ៥ និង ព្រះបាទសូរ្យ​វរ្ម័នទី ១ ដើម្បី​ឧទ្ទិស​ដល់​ព្រហ្មញសាសនា។ ប្រាសាទនេះមានទំនាក់ទំនងជាមួយនឹងដំណាលរឿងព្រេង បើយោងតាមសំដីរបស់អ្នកដំណើរចិនឈ្មោះ ជីវ តាក្វាន់។ ក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី១ ប្រាសាទភិមានអាកាសត្រូវបានអភិសេកដំបូងដោយមានប្រាង្គមាសជាកនែ្លងព្រលឹង នាគរាជក្បាល៩ បានរស់នៅ និងបានប្រែក្រទ្បាខ្លួនជាស្រីស្អាតម្នាក់ចំពោះព្រះអង្គ ដើម្បីរួមដំណេកជាមួយទ្រង់រៀងរាល់យប់ នៅលើប្រាង្គមាសនេះមុនពេលព្រះអង្គចូលបន្ទប់អគ្គមហេសី និងស្រីស្នំផេ្សងៗទៀត។

ប្រាសាទភិមានអាកាសក​សាង​ឡើង​អំ​ពី​ថ្ម​ភក់​នៅ​លើ​ ជើងគ្រឹះថ្មបាយក្រៀមមានបីជាន់ស្រដៀង​នឹង​ប្រា​សាទ​ពី​រ៉ា​មី​ត។ កម្ពស់នៃជើងគ្រឹះប្រាសាទវិមានអាកាសទាំងបីជាន់​ប្រ​ហែល​ជា ១២ ម៉ែត្រ​មាន​សណ្ឋាន​ជា​បួន​ជ្រុង​​ទ្រ​វែង​មាន​ជណ្តើរ​ចោត​ទាំង​បួន​ផ្នែក។ ចំណែកឯ​ផ្លូវ​ចូល​ទស្ស​នា​ព្រះ​រាជ​វាំង​ត្រូវ​ដើរ​ឆ្លង​កាត់​ជើង​គ្រឹះ​ ឡើង​លើ​ព្រះ​ពន្លា​ខ្ពស់​ទៅ​តាម​ជណ្តើរ​គ្រុឌ​​ព្រោះ​ព្រះ​រាជ​វាំង​នេះ​ តាំងនៅលើ​ព្រះពន្លាខ្ពស់ពេលណា​យើង​ឡើង​ទៅកាន់​ព្រះ​ពន្លា​នឹង​ឃើញ​ បដិមា​ផុស​​រូប​សិង្ហរ​ចនាបថសម័យ​បាយ័នឈរ​យ៉ាង​អង់​អាច​នៅ​ក្បាល​ជណ្តើរ​ ទាំង​សង​ខាង និង រូបដំរី​នៅ​មុំ​ជើង​គ្រឹះ។ នៅលើ​ព្រះ​ពន្លា​នេះ​នៅ​មាន​ស្លាក​ស្នាម​ការ​សង់​ព្រះ​ពន្លា​ក្នុង​រជ្ជកាល​ ព្រះបាទជ័យវរ្ម័ន​ទី​៧ ដែលគេ​ប្រើ​សម្រាប់​រាជ​ការ​ត្រួត​ពល​ ឬ ប្រារព្ធ​ពិធី​ខាង​សាសនា​ផ្សេងៗ។

ប៉ុន្តែបច្ចុប្បន្ន​នេះ​មិន​នៅ​សេសសល់​ស្លាក​ស្នាម​ទៀត​ឡើយ​ព្រោះ​សំណង់​ទាំង​នោះ​ ធ្វើ​អំពី​ឈើ។ ស្រះ​ទឹក​ហ្លួង មាន​សណ្ឋាន​រាង​ ៤ជ្រុង​ទ្រ​វែង ​ចំនែកគែម​ស្រះជា​ថ្ម​ភក់​ព័ទ្ធ​ជុំ​វិញ​ជា​ច្រើន​ជាន់​ចោត​ចុះ​ផ្នែក​ខាង​ក្រោម។

គេ​ជឿ​ថាស្រះ​នេះត្រូវបានកសាង​ក្នុង​រជ្ជកាល​ព្រះ​បាទ​សុរ្យវរ្ម័ន​ទី១។ ចំនែកនៅត្រង់បរិវេណខាងត្បូងនៃស្រះមានកំពែងវែងតទៅទិសខាងលិច​បន្តិច ​ដើម្បី​បាំងដីពីប្រាសាទ​កុំអោយ​ហូរ​ចុះ ​មក​ស្រះ។ ចំណុច​ដែល​គួរ​អោយ​ស្ញប់​ស្ញែងនៃ​កំពែង​នេះ​គឺ​រូប​ចម្លាក់​ល្អ​ឥត​ខ្ចោះ ហើយ​មាន​រូប​ខ្លះ​ស្រដៀង​នឹង​រូប​ចម្លាក់​នៅតាម​ជញ្ជាំង​ទី​ព្រះ​លាន​ស្តេចគម្លង់។ ក្រៅពីនេះក៏មានចំណុចគួរអោយស្ងប់ស្ញែងជាច្រើនទៀត ដើម្បីទស្សនា ប៉ុន្តែបច្ចុប្បន្ន ដើមឈើដុះគ្របជិតធ្វើអោយមានការពិបានបន្តិចក្នុងការដើរទៅទស្សនា។

បន្ទាប់ពីដំណើរទស្សនាជាមួយកូនរបស់អ្នកនៅប្រាសាទបាពួន អ្នកអាចបន្តទៅទស្សនាប្រាសាទភិមានអាកាសនេះ។ ការនាំពួកគេដើរទស្សនាពីប្រាង្គប្រាសាទមួយទៅកាន់ប្រាសាទមួយ ធ្វើអោយពួកគេមានអារម្មណ៍អស្ចារ្យ និងញាំងអោយពួកគេស្រលាញ់ប្រវត្តិសាស្ត្រ ដែលបុព្វបុរស់បានបន្សល់ទុកមក។

៥. ប្រាសាទតាព្រហ្ម

ប្រាសាទតាព្រហ្ម សៀមរាប
ប្រាសាទតាព្រហ្ម សៀមរាប

ប្រាសាទ​តាព្រហ្ម​ស្ថិតនៅ​ប៉ែកខាងកើត​ចម្ងាយ​ប្រមាណ​៣ គីឡូម៉ែត្រ ពី​ច្រកទ្វារ​ជ័យ​ក្រុង​អង្គរធំ​។  ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ បាន​កសាង​ប្រាសាទ​នេះ​ឡើង​នៅ​ឆ្នាំ​១១៨៦ គោរពដល់ព្រះពុទ្ធសាសនាមហាយាន តំណាងឱ្យ​រូបភាព​បង្រួបបង្រួម​របស់​ចក្រ​វាល​ និងដើម្បី​ឧទ្ទិស​ថ្វាយ​ព្រះ​មាតា​របស់ព្រះអង្គ ក្រោមរូបភាពប្រាជ្ញាបារមី។

ប្រាសាទនេះមានឈ្មោះ​ដើម​ថា​«​រាជ​វិហារ​» ជាស​កល​វិទ្យាល័យ​ធំ​មួយផ្នែកវិទ្យាសាស្ត្រដែលក្រោមការគ្រប់គ្រងរបស់ក្សត្រីឥន្ទ្រទេវី ​ក្នុង​រាជធានី​អង្គរ​។ នៅជុំវិញប្រាសាទកណ្តាល មានអគាររណបមួយចំនួន រួមមានបណ្ណាល័យ និងរោងទងជាច្រើនដែលតាំងនៅខ្វាត់ខ្វែង។

ប្រាសាទតាព្រហ្មត្រូវបានគេស្គាល់ច្រើនថាជាប្រាសាទដើមឈើ ស្ថិតនៅក្នុងព្រៃ មានកសិណទឹកព័ទ្ធជុំវិញពីរជាន់។ ដើមឈើ​ដុះ​ចេញពី​គ្រាប់ពូជ ដែល​សត្វ​ពាំ​មក​។ ក្រោយរយះពេលរាប់រយឆ្នាំមក ឫស​រប​ស់វា​បានជ្រែកចូល​តាម​ចន្លោះ​ថ្ម ញែក​ដុំថ្ម​ឱ្យ​ឃ្លាត​ពីគ្នា ហើយ​យូរៗ​ទៅធ្វើ​ឱ្យ​ដុំថ្ម​រង្គោះ​ជ្រុះ​។ ឫស​ដើមឈើ​ដែលចាក់ស្រេះ វា​ជួយ​ទប់​ថ្ម​មិនឱ្យ​រេល​ជ្រុះ តែបើ​ឫសឈើណាដែល​ងាប់ ពុកផុយ ដុំថ្ម ក៏​សណ្តក​ពីគ្នា ហើយ​ប្រាសាទ​ក៏​លែង​រឹងមាំ​ទៀត​ដែរ​។ ដូច្នេះហើយ ដើម្បីរក្សាប្រាសាទនេះអោយបានគង់វង្សសំរាប់ភ្ញៀវទេសចរណ៍ ប្រាសាទនេះត្រូវបានជួសជុល ដោយ​កាប់​ដើមឈើ​ដែល​បង្ក​គ្រោះថ្នាក់​ដល់​ប្រាសាទ ដោយ​ចាក់​ថ្នាំ​រក្សាទុក​ឫស និង​គុល​កុំឱ្យ​ពុកផុយ ជៀសវាង​បាត់​លំនឹង​របស់​ប្រាសាទ​។ ចំពោះ​ដើមឈើ​ដទៃទៀត​គេ​គ្រាន់តែ​កាប់​ចោល​តែ​មែក​ណា​ដែល​គំរាម​គំហែង​។ គេ​ទល់​ទ្រ​ដើមឈើ និង​ផ្នែក​ប្រាសាទ​រួបរឹត​ដោយ​ឫស​ឈើ​ឱ្យ​រឹងមាំ​តែប៉ុណ្ណោះ​។

ប្រាសាទនេះមានលក្ខណះល្អប្រសើរណាស់សំរាប់ការទស្សនាជាមួយកូនរបស់អ្នក ទាំងបរិយាកាស ខ្យល់បរិសុទ្ធ នឹងម្លប់ឈើត្រឈឹងត្រឈៃ។ ឬសឈើដ៏ធំមួយនៅក្នុងប្រាសាទជាកន្លែងពេញនិយមបំផុតសំរាប់ការថតរូបអនុស្សាវរីយ៍។ ក្មេងៗនិងមានភាពអារម្មណ៍រំភើបជាខ្លាំង បើអាចបានផ្តិតរូបភាពនៅទីនោះ។

៦. ប្រាសាទព្រះខ័ន

ប្រាសាទព្រះខ័ន្ធ សៀមរាប
ប្រាសាទព្រះខ័ន្ធ សៀមរាប – Photo credit: Siemreap.net

ប្រាសាទព្រះខ័ន ស្ថិតនៅតាមផ្លូវវង់ធំ ប៉ែកខាងជើងនៃរាជធានីអង្គរធំ។ ច្រកចូលសំខាន់របស់ប្រាសាទនេះស្ថិតនៅទិសខាងកើត ប៉ុន្តែភ្ញៀវទេសចរអាចចេញចូលពីទិសខាងលិច ឬទិសខាងជើងក៏បានដែរ។ ប្រាសាទព្រះខ័ន ត្រូវបានសាងសង់ឡើងនៅរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ ដើម្បីឧទ្ទិសដល់ព្រះវររាជបិតារបស់ព្រះអង្គ ប៉ុន្តែពុំបានសង់រួចនៅក្នុងសម័យព្រះអង្គទេ មហាក្សត្រក្រោយៗ បានសង់បន្ថែមបន្ដបន្ទាប់នៅគ្រិស្តសតវត្សទី ១២ – ១៣។ ចំណែកក្បាច់រចនានៃប្រាសាទ មានលក្ខណៈប្រហាក់ប្រហែលនឹងប្រាសាទបន្ទាយក្តី និង ប្រាសាទតាព្រហ្មដែរ។

តាមសិលាចារឹក ប្រាសាទនេះសាងសង់នៅសមរភូមិចុងក្រោយ ដែលព្រះបាទជ័យវរ្ម័នទី៧ បានផ្តួលរំលំពួកចាម។ ប្រសាទព្រះខន័នេះធ្លាប់ជាសមរភូមិប្រយុទ្ធប្រឡាក់ទៅដោយថ្លុកឈាមនៅពេលកងទ័ពចាមវាយលុកនិងគ្រប់គ្រងក្រុងអង្គរនៅឆ្នាំ១១៧៧ ប៉ុន្តែត្រូវបានព្រះបាទជ័យវរ្ម័នទី៧ ធ្វើសង្គ្រាមដណ្តើមយកជ័យបានមកវិញនៅឆ្នាំ១១៨១។

ឈ្មោះនៃប្រាសាទមានន័យថា ព្រះខ័នជ័យ (ដាវជ័យ) ដែលយកឈ្មោះពីបុរាណ ជ័យស្រី (ទីក្រុងជ័យជំនះដ៏ពិសិដ្ឋ)។

លើសពីនេះទៅទៀតនៅអឡុងពេលនៃការជួសជុលរាជធានីយសោធរបុរ ឬហៅថាក្រុងអង្គរធំដែលធ្លាប់ត្រូវបានដុតបំផ្លាញ់ដោយកងទ័ពចាម វាមានតួនាទីជាកន្លែងសម្រាប់ព្រះមហាក្សត្រធ្វើការផង ជាសកលវិទ្យាល័យផង និងសម្រាប់គោរពប្រតិបត្តិសាសនាចម្រុះទាំងព្រះពុទ្ធសាសនា និងព្រហ្មញសាសនាផង។

៧. ប្រាសាទបន្ទាយក្តី

ប្រាសាទបន្ទាយក្តី សៀមរាប
ប្រាសាទបន្ទាយក្តី សៀមរាប – Photo credit: Siemreap.net

ប្រាសាទបន្ទាយក្តីមានទីតាំងស្ថិតនៅជាប់នឹងប្រាសាទតាព្រហ្ម ជ្រុងអាគ្នេយ៍ក្នុងភូមិស្រះស្រង់ខាងត្បូង បើធ្វើដំណើរតាមផ្លូវខាងកើតអង្គរវត្ត។ ប្រាសាទនេះត្រូវបានកសាងឡើងនៅពាក់កណ្តាលទី២ នៃសតវត្សរ៍ទី១២ និងដើមសតវត្សរ៍ទី១៣ ដោយព្រះបាទជ័យវរ្ម័នទី៧ ។ ប្រាសាទនេះមានលក្ខណៈស្រដៀងគ្នានឹងប្រាសាទតាព្រហ្ម ប៉ុន្តែមានទំហំតូចជាង និងមិនសូវស្មុគស្មាញ។ ប្រាសាទបន្ទាយក្តី គឺជាប្រាសាទបែបព្រះពុទ្ធសាសនាមហាយានមួយក្នុងចំណោមប្រាសាទព្រះពុទ្ធសាសនាមហាយានជាច្រើនកសាងក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ កសាងនៅក្នុងសតវត្សទី១២។ ប៉ុន្តែនៅសម័យកណ្តាល ប្រាសាទនេះបានក្លាយជាទីសក្ការៈបូជានៃព្រះពុទ្ធសាសនាហិនយានវិញដែលមានវត្តនិងចេតិយជាដើម។ មានភស្តុតាងជាច្រើនដែលនាំឱ្យមានសេចក្តីសនិដ្ឋានយ៉ាងដូចច្នេះ គឺតាមរយៈការធ្វើកំណាយរកឃើញកោដ្ឋដាក់ធាតុជាច្រើននៅបរិវេណប្រាសាទនេះ។ លើសពីនេះទៅទៀត នៅពេលភ្ញៀវទេសចរជនជាតិអឺរ៉ុបបានមកទស្សនាតំបន់អង្គរនៅសតវត្សទី១៩ក៏បានកត់ត្រាទុកថា មានព្រះពុទ្ធបដិមា និងកុដិរបស់ព្រះសង្ឃនៅក្នុងបរិវេណរបស់ប្រាសាទនេះជាភស្តុតាងផងដែរ។

ប្រាសាទបន្ទាយក្តីមានកំពែងព័ន្ធជុំវិញសាងអំពីថ្មបាយក្រៀមចំនួនបីជាន់ ហើយមានខ្លោងទ្វារសាងអំពីថ្មភក់បែរមុខទៅរកទិសខាងកើតនិងខាងលិច លើកលែងតែកំពែងទី១នៅខាងក្រៅមានខ្លោងទ្វារចេញចូលចំនួនបួនទិសសំខាន់ទាំងបួនដែលខ្លោងទ្វារនីមួយៗមានកំពូលមុខបួនដូចខ្លោងទ្វារប្រាសាទតាព្រហ្ម និងខ្លោងទ្វាររាជធានីអង្គរធំ។ រីឯសិលាចារិកនិយាយអំពីឈ្មោះរបស់អាទិទេព អ្នកបម្រើការខាងសាសនារបស់ព្រះមហាក្សត្រជាដើម។ នៅក្នុងចំណោមសិលាចារឹកទាំងអស់មានសិលាចារឹកតែមួយគត់ដែលស្ថិតនៅក្នុងប្រាសាទរហូតដល់សព្វថ្ងៃ ចំណែកឯសិលាចារឹកផ្សេងទៀតគឺត្រូវបានគេយកមកតម្កល់ទុកនៅសារមន្ទីរជាតិភ្នំពេញ។

៨. ប្រាសាទនាគពន្ធ័

ប្រាសាទនាគពន្ធ័ សៀមរាប
ប្រាសាទនាគពន្ធ័ សៀមរាប – Photo credit: Ministry of Tourism Cambodia

ប្រាសាទនាគព័ន្ធមានទីតាំងស្ថិតនៅក្នុងវង់ធំនៃតំបន់អង្គរ ប៉ែកខាងជើងនៃប្រាសាទបាយ័ន។ ប្រាសាទនាគព័ន្ធត្រូវបានសាងសង់ឡើងនៅរជ្ជកាល ព្រះបាទជ័យវរ្ម័នទី៧ នាឆ្នាំ១១៩១ ដើម្បីឧទ្ទិសថ្វាយព្រះពុទ្ធសាសនាមហាយាន។ ប្រាសាទនេះ ត្រូវគេបានសាងសង់ នៅលើកោះបួនជ្រុង ដែលមានស្រះ សន្សំទឹកបរិសុទ្ធ៨ ដោយរៀបចំអោយមាន ជាសញ្ញាលេខបូក ជានិមិត្ដរូបនៃ សញ្ញាមន្ទីពេទ្យ។ មានរូបចំលាក់ ទាំង៤ទិសសំរាប់ជាតំនាងអោយធាតុទាំង៤ គឺ ធាតុដីតំនាងដោយ រូបចំលាក់ក្បាលមនុស្សស្ថិតនៅទិសខាងកើត ធាតុភ្លើងតំនាងដោយ រូបចំលាក់ក្បាលតោស្ថិតនៅទិសខាងត្បូង ធាតុខ្យល់តំនាងដោយរូបចំលាក់ក្បាលសេះស្ថិតនៅទិសខាងលិច ធាតុទឹកតំនាងដោយរូបចំលាក់ក្បាលដំរី ស្ថិតនៅទិសខាងជើង។ រូបកាយនៃសត្វលោកផ្សំឡើងដោយធាតុ៤ គឺ ធាតុដី ធាតុភ្លើងធាតុខ្យល់ ធាតុទឹកហើយសត្វលោកដែលមានជំងឺ តែងបាត់បង់នូវ ធាតុណានិមួយនៃ ធាតុទាំង៤ កាលបើគេ ពិនិត្យឃើញថា អ្នកជំងឺខ្វះធាតុណាមួយនៃ ធាតុទាំង៤ គេតំរូវអោយអ្នកជំងឺនោះទៅធ្វើការរក្សារោគទៅតាមធាតុនៃទិសទាំង៤ ។

យោងតាមសិលាចារឹកជាភាសាសំស្រ្កឹតនៃប្រាសាទព្រះខ័ន ប្រាសាទនាគព័ន្ធជាកោះដ៏ប្រសើរឧត្តុង្គឧត្តម និងមានសោភ័ណភាព ដោយសារស្រះទឹកសម្រាប់ដុសលាងជម្រះកាយសាសនិកដែលបានមកដល់ទីនេះ ហើយប្រើប្រាស់ទូកសម្រាប់ឆ្លងមហាសាគរនៃជីវិត។ នៅក្នុងផ្នែកមួយនៃអត្តបទរបស់លោក ជីវ តាក្វាន់ បានឱ្យដឹងថា នៅទិសខាងជើងកំពែងនគរ មានប្រាសាទមាសរាងបួនជ្រុងនិងមានបន្ទប់ថ្មជាច្រើនរយ ហើយនៅក្នុងនោះគេឃើញមានរូបព្រះពុទ្ធមាស រូបសឹង្ហមាស រូបដំរី រូបតោ រូបសេះ និងវត្ថុដទៃផ្សេងៗទៀតធ្វើអំពីស្ពាន់ច្រើនឥតគណនា។ ប្រាសាទនាគព័ន្ធត្រូវបានសាងសង់អំពីថ្មភក់ស្ថិតនៅចំកណ្តាលបារាយណ៍ខាងជើង ៣៥០០ម៉ែត្រគុណ៩០០ម៉ែត្រ ដែលសព្វថ្ងៃមានផ្លូវចេញចូលនៅទិសខាងជើង។

៩. ប្រាសាទប្រែរូប

ប្រាសាទប្រែរូប សៀមរាប
ប្រាសាទប្រែរូប សៀមរាប – Photo credit: Justgola

ប្រាសាទប្រែរូបមានទីតាំងស្ថិតនៅខាងកើតឈៀងខាងជើងស្រះស្រង់មានចម្ងាយ ៥០០ម៉ែត្រ ហើយនៅខាងត្បូងបារាយណ៍ខាងកើត ។ ប្រាសាទប្រែរូបនេះត្រូវបានកសាងឡើងនៅពាក់កណ្ដល សតវត្យទី១០ ក្នុងរជ្ជកាលព្រះបាទរាជេន្ទ្រវរ្ម័នទី២ (ឆ្នាំ៩៤៤-៩៦៨) ដើម្បីឧទ្ទិសដល់ ព្រាហ្មណ៍សាសនាព្រះសិវៈ ក្នុងរចនាបទប្រែរូប ។ ប្រាសាទនេះធ្វើអំពីឥដ្ឋមានលក្ខណៈជាប្រាសាទភ្នំ ជើងគ្រឹះថ្នាក់ៗបីជាន់ និងមានជញ្ជាំងព័ទ្ធ ជុំវិញធ្វើអំពីថ្មបាយក្រៀម ។ ប្រាសាទបានសាងសង់ឡើងមានលក្ខណៈជាពីរ៉ាមីតធ្វើអំពីឥដ្ឋ និងថ្មភក់មានចំនួន បីថ្នាក់ដោយពុំគិតតួប៉មកណ្ដាល ហើយមានប្រាសាទឥដ្ឋតូចៗនៅព័ទ្ធជុំវិញផ្នែកខាងលើ ។ តួប៉មទាំងអស់ មានចំនួន ១២ ហើយនៅកំរាលខាងលើមានតួប៉ម៥ធំៗទៀតធ្វើអំពីឥដ្ឋ ។

ប្រាសាទប្រែរូបត្រូវបានកំណត់អត្ថន័យជាទូទៅថា ជាទីកន្លែងសម្រាប់បូជាព្រះសព ឬការប្រែរូូបរាងកាយពីសាកសពទៅជាផេះផង់។ ការហៅឈ្មោះនេះដោយសារគេយល់ថា អាងមួយមានរាងទ្រវែងចតុកោណកែងសាងអំពីថ្មភក់ លម្អនៅចំពីមុខជណ្តើរឡើងទៅប្រាង្គខាងលើគឺជាក្តារមឈូសសម្រាប់ដាក់សាកសពព្រះរាជាហើយត្រូវបានបូជានៅទីនោះ។ នៅពេលបូជាព្រះសពឱ្យក្លាយជាផេះ និងកម្ទេចឆ្អឹងហើយ គេក៏អាចប្រមូលយកទៅលាងនៅឯតួប៉មចំហមួយ ដែលមានរាងដំបូលរាងជាសាជីសាងអំពីថ្មបាយក្រៀមមានសសរចំនួនបួនស្ថិតនៅទិសឦសាន។ នៅខាងក្នុងតួប៉មមានមានផ្ទាំងថ្មភក់មួយក្នុងទម្រង់ជាត្បាល់កិនរាងការ៉េ ដែលមានចង្ហូរទឹកចេញ។

ក្នុងពេលបច្ចុប្បន្ន ប្រាសាទនេះក្លាយជាប្រាសាទពេញនិយមមួយ ក្នុងចំណោមប្រាសាទនានា ក្នុងរមណីយដ្ឋាន អង្គរ ។ ប្រាសាទនេះបានទាក់ទាញភ្ញៀវឱ្យមកទស្សនាដោយខានពុំបាន មុនភ្ញៀវចាកចេញពីរមណីដ្ឋានអង្គរ ដោយ សារប្រាសាទដ៍មានវ័យចំណាស់នេះ បានធ្វើឱ្យភ្ញៀវដក់ក្នុងអារម្មណ៍ចំពោះទិដ្ឋភាពដ៏ស្រស់ត្រកាលនៅជុំវិញប្រាង្គ ប្រាសាទដោយគេអាចមើលឃើញទេសភាពព្រៃព្រឹក្សាចុងត្នោតដែលដុះនៅជុំវិញ និងក្នុងបរិវេណភូមិបុរាណក្នុង រមណីយដ្ឋាន ។ ភ្ញៀវអាចសម្លឹងមើលទៅឆ្ងាយឃើញកំពូលភ្នំទាំងបី គឺកំពូលភ្នំបូក កំពូលភ្នំបាខែង កំពូលភ្នំក្រោម និងកំពូលប្រាសាទអង្គរវត្ដ ។ ម្យ៉ាងទៀតភ្ញៀវក៍អាចមើលឃើញកំពូលប្រាសាទមេបុណ្យ នៅកណ្ដាលបារាយណ៍ ខាងកើតដែលហាក់ដូចជាបណ្ដែតខ្លួនផុសចេញពីព្រៃព្រឹក្សាកណ្ដាលរមណីយដ្ឋានអង្គរគួរឱ្យរំភើប និង ភ្ញៀវទេសចរណ៍អាចទស្សនាថ្ងៃលិចដ៏ស្រទន់ផងដែរ ។ ទាំងនេះជាសក្ដានុពលវិសេសវិសាលរបស់ប្រាសាទប្រែរូបដែលធ្វើឱ្យអ្នក ទេសចរទាំងឡាយមិនអាច ខកខានក្នុងដំណើរទេសចររបស់ពួកគេ ។

១០. ប្រាសាទបន្ទាយស្រី

ប្រាសាទបន្ទាយស្រី សៀមរាប
ប្រាសាទបន្ទាយស្រី សៀមរាប – Photo credit: អាជ្ញាធរជាតិអប្សរា

ប្រាសាទបន្ទាយស្រី​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​បន្ទាយស្រី ឃុំ​បន្ទាយស្រី ស្រុក​បន្ទាយស្រី ខេត្តសៀមរាប ចម្ងាយ​៣៩​គីឡូម៉ែត្រ​ភាគ​ខាងជើង​ទីរួមខេត្ត​សៀមរាប និង​មាន​ចម្ងាយ​៣២​គីឡូម៉ែត្រ ពី​ប្រាសាទអង្គរវត្ត​តាម​ផ្លូវ​ឆ្ពោះទៅ​ភ្នំ​គូលែន ។ រចនាសម្ព័ន្ធ​ប្រាសាទ​សង់​ឡើង​ពី​ថ្មភក់​ពណ៌​ផ្កាឈូក និង​ឥដ្ឋ​រាង​៤​ជ្រុង​ទ្រវែង​លើ​ដី​រាបស្មើ មាន​គូ​ទឹក​ព័ទ្ធ​ជុំវិញ។ ប្រាសាទបន្ទាយស្រីត្រូវបានកសាង​ឡើង​ដោយ​មុខ​មន្ត្រីមួយ​រូប​ឈ្មោះ យជ្ញវរាហៈ ​ដែល​មាន​ងារ​ជា “ព្រះ​គ្រូ” នៃ​ព្រះ​បាទ​រាជេន្ទ្រវរ្ម័ន ហើយ​បន្ទាប់​មក​ទៀតនៃ​ព្រះ​បាទ​ជ័យវរ្ម័នទី៥ ដែល​ជា​ព្រះ​រាជ​បុត្រ​ផង​ ។ ស្នា​ដៃ​នេះ​មានប្អូន​ប្រុស​ម្នាក់​និង​ប្អូន​ស្រី​ម្នាក់​ទៀត​របស់​គាត់​មក ​រួម​ចំណែក​ដែរ ។ ប្រាសាទ​នេះ ផ្ដើម​សាង​ឡើង​នៅ​គ.ស ៩៦៧ ដើម្បី​ឧទ្ទិស​ទៅ​ដល់​ព្រះ​ឥសូរ ដែល​មាន​នាម​ពិសេស​ថា “ត្រីភុវតមហេស្វរៈ” ។ ចម្លាក់​ក្បូរ​ក្បាច់​រចនា​នៅ​ទីនោះ​មាន​ភាព​លំអិត​ខ្លាំង​ណាស់ ធ្វើ​ឲ្យ​គេ​ឯង​រាល់​គ្នា​និយម​ហៅ​ប្រាសាទ​នេះ​ថា​ជា​ “អលង្ការ​ដ៏​ប្រណិត​នៃ​សិល្បៈ​ខ្មែរ​” ។

នៅ​បន្ទាយ​ស្រី​នេះហើយដែល​ចាប់​ផ្ដើម​ឃើញ​មាន​​ហោ​ជាង​និទាន​រឿង​ ពោល​គឺ​ពុំ​មែន​គ្រាន់​តែ​ឆ្លាក់​រូប​ទេព​អ្វី​មួយ​ ឬ​ក្បាច់លំអ​ទោល​តែ​ឯង​នោះ​ទេ ។ នៅ​ហោ​ត្រ័យខាង​ត្បូង​ ហោ​ជាង​សុទ្ធ​សឹង​មាន​ស្រង់​រឿង​ព្រះ​ឥសូរ​មួយ​ត្រង់​ឈុត​ដែល​មាន​រាពណ៍​ ប៉ុនប៉ង​នឹង​ធ្វើ​ឲ្យ​ភ្នំ​កៃលាស​រង្គោះ​រង្គើ ដើម្បីបណ្ដេញ​ឲ្យ​ព្រះ​ឥសូរ​ចេញ​ពី​ទីនោះ មួយទៀត​ត្រង់​កន្លែង​ដែល​ព្រះ​កាម​ទេព​បម្រុង​បាញ់​ព្រួញ​លើ​ព្រះ​ឥសូរ​ និង​រឿង​ព្រះ​នារាយណ៍​ត្រង់​កន្លែង​ដែលព្រះ​ឥន្ទ្របង្អុរ​ភ្លៀង​ស្រោច​ ស្រពលើ​ព្រៃ​មួយ​ដែល​ព្រះ​ក្រឹស្នានិង​ពល​រាប​គង់​នៅ​ ដើម្បី​ឲ្យ​បាន​ត្រជាក់​ត្រជុំ​ ។​

ដោយសារ​ក្បូរក្បាច់​រចនា​យ៉ាង​ល្អ​ឆើត​ឆាយ ​លំអទៅដោយចម្លាក់ផ្កាភ្ញី នៃរឿងរ៉ាវដែលទាក់ទងទៅនឹងលទ្ធិទេវរាជ “រឿងរាមកេរ្តិ៏ខែ្មរ” មិនត្រឹមតែប៉ុណ្ណោះចម្លាក់នីមួយៗ សុទ្ធតែមានលក្ខណៈរស់រវើកបើប្រៀបធៀបទៅ នឹងប្រាសាទដទៃ នេះហើយ ទើបប្រាសាទនេះបានទទួលការកោតសរសើរពីភ្ញៀវទេសចរសឹងគ្រប់រូបថា ពិតជាស្រស់ស្អាត មិនអាចរំលងបាន ។

សេចក្តីបញ្ចប់

តំបន់អង្គរ គឺជាតំបន់ប្រវត្តិសាស្ត្រដ៏អច្ឆរិយះ ពោរពេញដោយសម្បត្តិវប្បធម៌ដែលដូនតាខ្មែរយើងបានបន្សល់ទុកមក។ ការស្គាល់អំពីវប្បធម៌ គឺយើងស្គាល់អំពីខ្លួនឯង។ ដូច្នេះហើយ ការនាំកូនៗរបស់អ្នកមកទស្សនា និងស្វែងយល់ ស្នាដៃទាំងអស់នេះនិងនាំអោយពួកគេស្គាល់ពី អត្តសញ្ញាណរបស់ខ្លួន ភាពអស្ចារ្យរបស់ប្រទេស និងមោទនភាព។ ទាំងនេះនិងធ្វើអោយពួកគេមានស្មារតីខិតខំប្រឹងប្រែងរៀនសូត្រ ពង្រឹងសមត្ថភាព វឌ្ឍភាពដល់សង្គមជាតិ។

Cambodian family at a temple in Siem Reap
ដំណើរទស្សនាប្រាង្គប្រាសាទជាគ្រួសារជាមួយកូនជាទីស្រលាញ់របស់អ្នក

មិនមានត្រឹមតែប្រាសាទអង្គរវត្ត និងប្រាសាទបាយ័ននោះទេ ប៉ុន្តែមានប្រាសាទផ្សេងៗទៀតក្នុងតំបន់នេះ ដែលមានប្រវត្តិសាស្ត្រ អត្ថន័យ និងអាថ៍កំបាំង ដែលអ្នកគួរតែនាំកូនរបស់អ្នកមកទស្សនាមុនពួកគេធំដឹងក្តី ៕

តើប្រាសាទណាខ្លះដែលអ្នកបាននាំកូនរបស់អ្នកមកទស្សនារួចហើយ?

Please follow and like us:
error20

Leave a Reply

Your email address will not be published. Required fields are marked *

Back to Top