ប្លាស្ទិក និងផលប៉ះពាល់ដល់វិស័យទេសចរណ៏ នៅប្រទេសកម្ពុជា

ប្រទេសកម្ពុជា ជាប្រទេសមួយដែលស្ថិតនៅភូមិភាគអាសុីអាគ្នេយ៍ខាងត្បូងឧបទ្វីបឥណ្ឌូចិន។ ទីតាំងភូមិសាស្ត្រនេះបានផ្តល់នូវទំនាក់ទំនងយ៉ាងងាយស្រួលក្នុងវិស័យទេសចរណ៍ជាមួយប្រទេសជិតខាង និង ពិភពលោក។ ដោយយោងទៅលើកូអដោនេភូមិសាស្ត្រ ព្រះរាជាណាចក្រកម្ពុជាស្ថិតនៅចន្លោះខ្សែស្របទី១០ និងទី១៥នៃរយះទទឹងខាងជើង និងចន្លោះខ្សែបណ្តោយទី១០២ និង១០៨នៃរយះបណ្តោយខាងកើត។ កូអដោនេ ភូមិសាស្ត្រនេះបញ្ចាក់ឲឃើញច្បាស់ថា ព្រះរាជាណាចក្រកម្ពុជាស្ថិតនៅតំបន់ត្រូពិចគឺ ក្តៅហើយសើម ស្ទើរពេញមួយឆ្នាំ រីឯសណ្ឋានដី មានផ្ទៃផតកណ្តាលជាទំនាបដែលពទ្ធ័ជុំវិញដោយ ភ្នំ ខ្ពង់រាប និងទិសនិរតីជាតំបន់ឈូងសមុទ្រ។

កត្តាទាំងអស់នេះហើយ បានធ្វើអោយប្រទេសកម្ពុជាយើង មានលក្ខណៈអំណោយផលដល់វិស័យទេសចរណ៍យ៉ាងខ្លាំង។ បច្ចុប្បន្ន សក្តានុពលទេសចរណ៍ដែលបាននិងកំពុងអភិវឌ្ឍន៍រួមមាននៅ រាជធានីភ្នំពេញ និងជុំវិញរាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តកំពត ខេត្តកែប តំបន់ឆ្នេរ តំបន់ភូមិភាគឦសាន ទំនាបកណ្តាល តំបន់ឆ្នេរនិរតី តំបន់ឆ្នេរពាយ័ព្យ តំបន់ភូមិភាគខាងជើង និងដីសណ្តទន្លេមេគង្គលើ។ ក្នុងនោះផងដែរ សក្តានុពលទេសចរណ៍រួមមានដូចជា ទេសចរណ៍វប្បធម៌ និងប្រវត្តិសាស្ត្រ ទេសចរណ៍វប្បធម៌ធម្មជាតិ ទេសចរណ៍កែច្នៃ កសិទេសចរណ៍ អេកូទេសចរណ៍ និងទេសចរណ៍ធម្មជាតិ។

យោងតាមទិន្ន័យរបស់ក្រសួងទេសចរណ៍ គិតត្រឹមឆ្នាំ២០១៨ ប្រទេសកម្ពុជាយើងបានទទួលស្វាគមន៍ ភ្ញៀវទេសចរណ៍អន្តរជាតិចំនួន ៦,២លាននាក់ ដែលកើនឡើង ១០,៧% ពីមួយឆ្នាំទៅមួយឆ្នាំ។ ចំនែកឯចំណូលសរុបពីវិស័យទេសចរណ៍មានចំនួន ៤,៣ពាន់លានដុល្លារសហរដ្ឋអាមេរិច។ នេះបង្ហាញអោយឃើញថា វិស័យទេចរណ៍មានការរីកចំរើនគួរអោយកត់សំគាល់ ហើយក្រសួងក៏បានព្យាករណ៍ថានៅឆ្នាំ ២០២០ខាងមុខ ប្រទេសកម្ពុជានិងទទួលភ្ញៀវទេសចរណ៍អន្តរជាតិចំនួន ៧លាននាក់ជាក់ជាមិនខាន។

ដោយឡែកបើយើងងាកមកមើលវិស័យទេសចរណ៍ក្នុងស្រុកវិញ ក្នុងពេលបច្ចុប្បន្ននេះប្រជាជនខ្មែរយើងក៍និយមចូលចិត្តធ្វើដំណើរកំសាន្តក្នុងប្រទេសផងដែរ ជាពិសេស នៅពេលចុងសប្តាហ៍ ថ្ងៃឈប់សំរាកពីការងារ និងថ្ងៃឈប់សំរាកពេលបុណ្យជាតិផ្សេងៗដូចជា បុណ្យអ៊ុំទូក បុណ្យភ្ជុំបិណ្ឌ បុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរជាដើម។ កត្តាដែលជំរុញអោយប្រជាជនខ្មែរយើងមានលទ្ធភាពដើរកំសាន្តច្រើនជាងមុនគឺ  ដោយសារតែពួកគាត់ចាប់ផ្តើមមានជីវភាពធូរធារ ការផ្លាស់ប្តូររបៀបរបបនៃជីវិតរស់នៅ មានការយល់ដឹងច្រើនអំពីសារៈប្រយោជន៍នៃការធ្វើរដំណើរកំសាន្ត ភាពងាយស្រួលនៃហេដ្ឋារចនាសម្ពន្ធ័ និងការអភិវឌ្ឍន៍តំបន់ទេសចរណ៍ដែលមានភាពទាក់ទាញ។

ដូច្នេះហើយ ទាំងភ្ញៀវជាតិ និងអន្តរជាតិ បាននិងកំពុងមានតួនាទីយ៉ាងសំខាន់សំរាប់ការអភិវឌ្ឍន៍វិស័យទេសចរណ៍ជាតិ។ រដ្ឋាភិបាលប្រទេសកម្ពុជា ក៏បាន ចាត់ទុក វិស័យទេសចរណ៍ គឺជាឧស្សាហកម្មគ្មានផ្សែង និង ជាឧស្សាហកម្ម មួយ ប្រភេទមានលក្ខណៈជាប្រព័ន្ធ ដែលអាចរកចំណូល ដើម្បីទ្រទ្រង់សេដ្ឋកិច្ចជាតិ និង គ្រួសារប្រជាពលរដ្ឋ។

ដោយសារតែវិស័យទេសចរណ៍ដែលជាខឿនសេដ្ឋកិច្ចជាតិមានការរីកចំរើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ការយកចិត្តទុកដាក់ថែរក្សាការពារ និងអភិវឌ្ឍន៍ បានក្លាយទៅជាប្រធានបទមួយដ៏សំខាន់សំរាប់រដ្ឋាភិបាល និងមហាជន។

បើគេនិយាយពីទេសចរណ៍ នោះគេក៏ត្រូវតែនិយាយពីបរិស្ថានផងដែរ ពីព្រោះថា វិស័យទេសចរណ៍ និងបរិស្ថានមានទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធ។ វិស័យទេសចរណ៍ពឹងផ្អែកលើបរិស្ថានក្នុងគោលបំណងច្រើនប្រភេទ នៃលក្ខណៈទាក់ទាញទេសចរណ៍ ហើយការភិវឌ្ឍន៍ទេសចរណ៍អាចមានឥទ្ធិពលវិជ្ជមាន និងអវិជ្ជមានទៅលើបរិស្ថាន។ ប្រសិនបើបានរៀបចំផែនការណ៍អភិវឌ្ឍន៍ និងគ្រប់គ្រងអោយបានល្អនោះវិស័យទេសចរណ៍ អាចបង្កើននូវឥទ្ធិពលដ៏សំខាន់លើបរិស្ថាន។

នៅពេលបរិស្ថានទទួលរងនូវការបំផ្លាញ នោះវិស័យទេសចរណ៍និងស្រុតចុះ ដោយបាត់បង់ចំនួនភ្ញៀវទេសចរណ៍នៅតាមតំបន់ដែលរងគ្រោះ។ ក្នុងន័យនេះ ការបំពុលបរិស្ថានទេសចរណ៍សំដៅទៅលើ ការបង្ហូរទឹកកខ្វក់ចូលទន្លេ ស្ទឹង និងសមុទ្រ ផ្សែងកខ្វក់នៅក្នុងបរិយាកាស ការកាប់បំផ្លាញព្រៃឈើ ការចោលកាកសំណល់រឹង សំរាម និងប្លាស្ទិក គ្មានសណ្តាប់ធ្នាប់។ ប៉ុន្តែក្នុងចំណោមការបំពុលទាំងនេះ ប្លាស្ទិក បានក្លាយជាការបំពុលយ៉ាងធ្ងន់ធ្ងរ នៅក្នុងវិស័យទេសចរណ៍ជាតិយើង។

ហេតុអ្វីប្លាស្ទិក? ប្លាស្ទិកមានជាច្រើនប្រភេទដូចជា ថង់ប្លាស្ទិក កែវប្លាស្ទិក ដបទឹកសុទ្ធ បំពុងបឺត ប្រអប់ខ្ចប់ចំណីអារហារ…។ល។ តាមការស្រាវជ្រាវ បង្ហាញយ៉ាងច្បាស់ថា ប្លាស្ទិក បង្ករផលប៉ះពាល់ ដល់បរិស្ថាន សុខភាពមនុស្ស សត្វ និង ជីវចម្រុះ ផ្សេងៗ។

ក្នុងករណីដែលយើង កប់ប្លាស្ទិក វាត្រូវការរយៈពេលប្រហែល ជាង ១០០០ ឆ្នាំ ទើបរលាយ ព្រោះ ថង់ប្លាស្ទិក ជារបស់ ដែលមិនងាយរលាយ។ វាក៏បានរាំង ខ្ទប់ ការហូរច្រោះ របស់ទឹក និង ខ្យល់ នៅក្នុងដីផងដែរ។

មិនតែប៉ុណ្ណោះ ប្រសិនបើយើងដុតវា សារធាតុ តូចល្អិតនៅក្នុងផ្សែង អាចបង្ក ឲ្យប៉ះពាល់ដល់សុខភាព ដូច ជាក្រពះ សួត និង ភ្នែក ជាដើម ជាពិសេស គឺនៅពេលយើង ដកដង្ហើម ស្រូប ចូលវាធ្វើឲ្យប៉ះពាល់ ធ្ងន់ធ្ងរ ដល់ទៅ ស្រ្តី និង កុមារ។ នៅ ពេល វាហួតចូលនៅក្នុងបរិយាកាស វាក៏បង្កការបំផ្លាញ បរិស្ថាន ដោយបំលែងជាភ្លៀង អាស៊ីត ហូរ ត្រឡប់មក ផែនដី វិញ។

ប្លាស្ទិកគឺជាបញ្ហាសកល ពីព្រោះថា ប្លាស្ទិកត្រូវបានគេមើលឃើញថាត្រូវបានប្រើប្រាស់ពេញពិភពលោក ជាពិសេសនៅប្រទេសកម្ពុជា។

យោង តាមភាពយន្តឯកសារ របស់ លោក ទិត ច័ន្ទ តារា ជានិស្សិតបានបញ្ចប់ការសិក្សានៅ ក្នុងដេប៉ាតឺម៉ង់ប្រព័ន្ធ ផ្សព្វផ្សាយ និងសារគមនាគមន៍ ដែលបានយកភាពយន្តឯកសារនោះទៅ ចូលរួមប្រកួតក្នុងកម្មវិធី ពានរង្វាន់ភាពយន្ត ឯកសាររបស់និស្សិត តំបន់អាស៊ីអាគ្នេយ៍ឆ្នាំ២០១០ នៅប្រទេសថៃ បានបង្ហាញឲ្យដឹងថា៖ « តាមការប៉ាន់ស្មានជាទូទៅ ក្នុងមួយឆ្នាំៗ មនុស្សក្នុងពិភពលោកយើង នេះបានប្រើប្រាស់ ថង់ប្លាស្ទិក ប្រមាណពី ៥ម៉ឺនកោដិ ទៅ ១សែនកោដិ »។

ភាពយន្តនោះបញ្ជាក់ទៀតថា៖ «ទាំងនេះមិនរាប់បញ្ចូលទៅលើ ប្លាស្ទិក ប្រភេទផ្សេងៗ នោះទេ ដូចជា កែវប្លាស្ទិក ជាដើម។ វាមានន័យថា ពិភពលោកយើង ប្រើថង់ប្លាស្ទិក ចំនួន ១ លាន ក្នុងមួយនាទី»។

ចំនែកនៅកម្ពុជាយើង ការប្រើប្រាស់ប្លាស្ទិក គឺបានក្លាយជាទម្លាប់សាមញ្ញនៃជីវភាពប្រចាំថ្ងៃរបស់ពលរដ្ឋកម្ពុជាទៅហើយ។ ពោលគឺនៅពេលដែលប្រជាពលរដ្ឋទិញសម្ភារៈផ្សេងៗ ថង់ប្លាស្ទិក ត្រូវបានម្ចាស់អាជីវកម្មផ្តល់ជូនអតិថិជនដោយឥតគិតថ្លៃ។ ហេតុផលដោយសារតែពួកគាត់យល់ឃើញថា ថង់ប្លាស្ទិក មានភាពងាយស្រួលប្រើ ស្រាលមិនជ្រាប ទឹក និងមានតម្លៃថោក។ ទង្វើនេះធ្វើអោយសំរាមប្លាស្ទិកមានការកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ឥតឈប់ឈរ។

ការសិក្សារបស់ អង្គការមូលនិធិ អករា (ACRA Foundation) បង្ហាញថា បរិមាណកាកសំណល់ និងសំរាម ដែល ប្រមូលបាន ជារៀងរាល់ឆ្នាំ នៅតាមផ្លូវ ក្នុងក្រុង មានចំនួនរាប់រយតោន គឺ ៣០០ តោន នៅខេត្ត សៀមរាប ចំនួន ៣៧០ តោន ក្នុងខេត្ត ព្រះសីហនុ និង ១៧.៨០០ តោន នៅភ្នំពេញ នៅឆ្នាំ ២០១៨។

ក្នុងនោះកម្ពុជាត្រូវចំណាយលុយប្រចាំឆ្នាំ លើសម្ភារៈសម្អាត ប្លាស្ទិក ប្រមាណ ៤.៥០០ដុល្លារ ក្នុងខេត្ត ព្រះសីហនុ នៅ ខេត្ត សៀមរាប ១៥.០០០ ដុល្លារ និង ភ្នំពេញ ៣១.០០០ ដុល្លារ។

លើសពីនេះទៅទៀត ការគ្រប់គ្រង និងសំអាតកាកសំណល់ប្លាស្ទិកពិតជាមានផលវិបាកយ៉ាងខ្លាំង ពីព្រោះទំលាប់ចោលសំរាមប្លាស្ទិកពាសវាលពាសកាល គ្មានសណ្តាប់ធ្នាប់ របស់ប្រជាជនកម្ពុជាយើងនៅតែបន្តឥតឈប់ឈរ។

ពិតណាស់ថា នៅតាមទីសាធារណៈ ឬ តំបន់រមណីយដ្ឋានកំសាន្តនាៗ មានធុងសំរាមយ៉ាងណាក្តី ក៏ពួកគាត់មិនបានចោលនៅក្នុងធុងសំរាម ឬវេចខ្ចប់ទុកដាក់អោយបានត្រឹមត្រូវនោះដែរ។ ជាញឹកញាប់ ពួកគាត់ចោលចូលក្នុងទឹកសមុទ្រ ទន្លេ បឹង ឬ ស្ទឹង តាមសួនច្បារ តាមផ្លូវ និង ក្នុងបរិវេណប្រាសាទបុរាណជាដើម ។

សកម្មភាពបែបនេះ បានជះឥទ្ធិពលដ៏អាក្រក់ដល់វិស័យទេសចរណ៍យ៉ាងធ្ងន់ធ្ងរ។  ត្បិតថា កម្ពុជាសំបូរទៅដោយតំបន់ធម្មជាតិ ប្រាង្គប្រាសាទបុរាណ ទឹកជ្រោះ ភ្នំ ឆ្នេរខ្សាច់សស្អាត ទីក្រុងស្អាត និង កោះលំដាប់ពិភពលោក តែសំរាមប្លាស្ទិកបានកំពុងតែវាតទី និងបំផ្លាញបន្តិចម្តងៗ។ មិនយូរមិនឆាប់ តំបន់កំសាន្តទាំងអស់នោះនិងក្លាយជាកម្មសិទ្ធរបស់ប្លាស្ទិកជាក់ជាមិនខាន ហើយប្រាកដណាស់គ្មានភ្ញៀវទេសចរណ៍ណាគេទៅលេងទៀតទេ។

សំរាមប្លាស្ទិកនៅ រមណីយដ្ឋាន សមុទ្រឈើ ខេត្ត មណ្ឌលគិរី ។
សំរាមប្លាស្ទិកនៅ រមណីយដ្ឋាន សមុទ្រឈើ ខេត្ត មណ្ឌលគិរី ។ រូបភាព៖ Teap Soklin ។
សំរាមថង់ប្លាស្ទិកនៅបរិវេណប្រាសាទអង្គរវត្ត។ រូបភាព៖ ភ្នំពេញប៉ុស្តិ៍ ។
សំរាមថង់ប្លាស្ទិកនៅបរិវេណប្រាសាទអង្គរវត្ត។ រូបភាព៖ ភ្នំពេញប៉ុស្តិ៍ ។
កាកសំណល់ប្លាស្ទិកនៅតំបន់ឆ្នេរសមុទ្រ។ រូបភាព៖ ហ្វេសប៊ុក ។
កាកសំណល់ប្លាស្ទិកនៅតំបន់ឆ្នេរសមុទ្រ។ រូបភាព៖ ហ្វេសប៊ុក ។

នៅពេលដែលវិស័យទេសចរណ៍ទទួលរងគ្រោះដោយសារប្លាស្ទិក នោះប្រជាពលរដ្ឋដែលប្រកបអាជីវកម្មផ្នែក ផ្ទះសំណាក់ សណ្ឋាគារ ភោជនីយដ្ឋាន ហាងលក់វត្ថុអនុស្សាវរីយ៍ មគ្គុទេសទេសចរណ៍ អ្នករត់ម៉ូតូកង់បី សេវាកម្មដឹកជញ្ជូនភ្ញៀវទេសចរណ៍ និងវិស័យពាក់ពន្ធ័ផ្សេងៗទៀត ក៍ទទួលផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចរបស់ពួកគាត់ផងដែរ ហើយទន្ទឹមនឹងនេះ ក៏ធ្វើអោយបាត់បង់ចំណូលថវិកាជាតិផងដែរ។

ដើម្បីឆ្លើយតបទៅនឹងក្តីបារម្ភ និងចូលរួមដោះស្រាយពីបញ្ហា សំរាមប្លាស្ទិកនៅប្រទេសកម្ពុជាយើង មន្ត្រីជាន់ខ្ពស់ផ្នែកបរិស្ថានលើក ឡើង ថា ការ កាត់ បន្ថយ ការ ប្រើប្រាស់ ថង់ ប្លាស្ទិក ទាមទារ ឲ្យ មាន ការ យល់ ដឹង និង ការ ចូលរួម ពី សំណាក់ ពលរដ្ឋ គ្រប់ រូប។ ហើយក្រសួងបរិស្ថានក៏បានណែនាំជូនដល់ប្រជាពលរដ្ឋនូវប្រភេទ ថង់ បរិស្ថាន ឬ ថង់ ក្រណាត់ ក្នុងន័យ ផ្សព្វផ្សាយការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកផងដែរ។

ចំណែកមតិយោបល់ពី សាស្រ្តាចារ្យ និង អ្នកស្រាវជ្រាវ ខាងបរិស្ថាន នៃ សាកល វិទ្យាល័យ ភូមិន្ទ ភ្នំពេញ យល់ឃើញថា ប្រជាជនខ្មែរយើង គួរតែគោរព និង អនុវត្តទៅតាមគោលការណ៍សំខាន់ៗ ដូចជា ត្រូវតែកាត់បន្ថយការប្រើប្រាស់ ថង់ ប្លាស្ទិក ឲ្យកាន់តែតិចបំផុតដែលអាចធ្វើបាន។ ពួកគេមិនគួរប្រើ ថង់ប្លាស្ទិក ច្រើនជ្រុលពេកទេ។ ពួកគេគួរតែចេះ ប្រើប្រាស់ឡើងវិញ និងអាចយកថង់ប្លាស្ទិកទៅបង្កើតជាសម្ភារប្លាស្ទិកអ្វីផ្សេងមួយទៀត។

លើសពីនេះទៅទៀត អាជីវកម្មដែលប្រើប្រាស់ប្លាស្ទិកសំរាប់បំរើជូនអតិថិជន គួរតែរិះរកមធ្យោបាយ និងគំនិតច្នៃប្រឌិត ឬ ចាប់ផ្តើមងាកមកប្រើប្រាស់សម្ភារៈបរិស្ថានជំនួសប្លាស្ទិក ដើម្បីកាត់បន្ថយបរិមាណនៃការប្រើប្រាស់នេះ។

ជាក់ស្តែង អាជីវកម្មផ្នែកបដិសណ្ឋារកិច្ច និងភោជនីយដ្ឋានមួយចំនួនបានចូលរួមចំណែកសកម្មភាព «គ្មានប្លាស្ទិក» ក្នុងផ្នត់គំនិតការពារ និងអភិវឌ្ឍន៍វិស័យទេសចរណ៍ និងលើកកំពស់ការយល់ដឹងពីបរិស្ថានដល់អតិថិជនរបស់ពួកគេ។

ឧទាហរណ៍ ភោជនីយដ្ឋាន Eleven One Kitchen នៅរាជធានីភ្នំពេញ បងស្រី ស្រ៊ុន សុខលឹម ដែលជាស្ថាបនិក មានការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការកាត់បន្ថយប្លាស្ទិក នៅគ្រប់សាខាភោជនីយដ្ឋានរបស់បងស្រី ដោយជ្រើសរើស ការវេចខ្ចប់ម្ហូបអាហារដោយសម្ភារៈជីវម៉ាស ប្រអប់ ឬថង់ប្រើឡើងវិញ ទៅកាន់អ្នកផ្គត់ផ្គង់របស់បងស្រី។ លើសពីនេះទៅទៀត ក្នុងភោជនីយដ្ឋានរបស់បងស្រី មានបំរើជូនអតិថិជននូវទឹកចម្រោះ ដោយប្រើប្រាស់ដបកញ្ចក់ប្រើឡើងវិញ និង បំពង់បឺតឬស្សី។ បងស្រីមានក្តីសុបិន្ត ចង់អោយភោជនីយដ្ឋានរបស់បងស្រីគ្មានប្លាស្ទិក ១០០% នៅថ្ងៃអនាគត់ផងដែរ។

ចំណែក ឯ សណ្ឋាគារប្រណិត មេម័រផាឡេស និងស្ប៉ា និង មេត្តារេសុីដិនស៍ និងស្ប៉ា នៅខេត្តសៀមរាប អង្គរវត្តវិញ ក៏បានចូលរួមសកម្មភាពបរិស្ថាននេះផងដែរ ដោយលុបបំបាត់បំពង់បឺតប្លាស្ទិក មកប្រើជំនួសវិញនូវ បំពង់បឺតឬស្សី ឈើ គល់ស្លឹកគ្រៃ ឬ ស្ពាន់ និង ដបទឹកកញ្ចក់ប្រើឡើងវិញ ដល់ភ្ញៀវជាតិ និងអន្តរជាតិ។

ប្រទេសកម្ពុជាយើងមានកេរ្តិ៍ឈ្មោះល្បីរន្ទឺរពាសពេញពិភពលោកលើវិស័យទេសចរណ៍ តាមរយៈភូមិសាស្ត្រ ប្រវត្តិសាស្ត្រ វប្បធម៌ ធនធានធម្មជាតិ និង ប្រាង្គប្រាសាទបុរាណជាច្រើន។ ក្នុងមួយឆ្នាំៗ ភ្ញៀវទេសចរណ៍អន្តរជាតិជាច្រើនលាននាក់បានមកទស្សានាប្រទេសនេះ។ រីឯ ប្រជាជនខ្មែរយើងក៏បានចាប់ផ្តើមធ្វើដំណើរកំសាន្តក្នុងស្រុកកាន់តែច្រើនឡើងផងដែរក្នុងរយះពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ វិស័យទេសចរណ៍ផ្តល់ចំណូលដល់ប្រជាជន និង ប្រទេសកម្ពុជាដ៏សន្ធឹកសន្ធាប់ដែលមិនអាចកាត់ថ្លៃបាន។

ដើម្បីការពារ និង អភិវឌ្ឍន៍វិស័យទេសចរណ៍ អោយមាននិរន្តភាព បញ្ហាបរិស្ថានគួរតែត្រូវបានពិចារណាជាចំបង ជាពិសេស សំរាមប្លាស្ទិក ដែលមានការប្រើប្រាស់កាន់តែច្រើនឡើងៗ និង មិនមានការទុកដាក់ និង គ្រប់គ្រងអោយមានសណ្តាប់ធ្នាប់បានល្អ។ ប្លាស្ទិកបានធ្វើអោយរមណីយដ្ឋានបាត់បង់នូវសោភ័ណ្ឌភាព បរិយាកាសបរិសុទ្ធ ហើយបង្ករផលប៉ះពាល់ដល់សុខភាពភ្ញៀវទេសចរណ៍ដែលមកទស្សនា។ នេះគឺជាហានិភ័យដ៏គ្រោះថ្នាក់សំរាប់វិស័យទេចរណ៍នៅក្នុងប្រទេសយើង។

ជាចុងក្រោយ សង្ឃឹងថា ប្រជាពលរដ្ឋយើងនិងចូលរួមយកចិត្តទុកដាក់ថែរក្សាបរិស្ថានអោយបានល្អទាំងអស់គ្នា ដោយព្យាយាមកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកដោយប្រើជំនួសនូវសម្ភារបរិស្ថាន ធម្មជាតិ ឬ កែច្នៃប្រើឡើងវិញ  និង គ្រប់គ្រងថែរក្សា កាកសំណល់សំរាមទាំងនេះអោយមានសណ្ឋាប់ធ្នាប់ នៅតាមតំបន់រមណីយដ្ឋាននានា ដែលបងប្អូនបានទៅទស្សនាជាមួយក្រុមមិត្តភក្តិ ឬ ក្រុមគ្រួសារ។

ទង្វើល្អទាំងនេះ បង្ហាញអោយឃើញថា បងប្អូនគឺជាពលរដ្ឋគំរូ ស្រលាញ់ បរិស្ថានស្អាត ប្រទេសស្អាត ការរស់នៅស្អាត និងសុខភាពល្អ ហើយក៏ជួយលើកកំពស់កិត្តិយសដល់ខ្លួនឯង គ្រួសារ និង សង្គមជាតិផងដែរ៕

ឯកសារយោង៖

ផល ប៉ះពាល់ នៃ ការ ប្រើប្រាស់ ថង់ ប្លាស្ទិក ចំពោះ បរិស្ថាន

ចំណូលពីវិស័យទេសចរណ៍កើនឡើង២០%

ផល ប៉ះពាល់ នៃ ថង់ ប្លាស្ទិក និង សំរាម ក្នុង សង្គមខ្មែរ

បងស្រី ស្រ៊ុន សុខលឹម នៃភោជនីយដ្ឋាន Eleven One Kitchen

 

Leave a Reply

Your email address will not be published. Required fields are marked *