• Home
  • /
  • Luxury Hotels
  • /
  • សារៈប្រយោជន៍នៃធម្មជាតិសំរាប់កុមារ
ដំណើរកំសាន្តគ្រួសារឧទ្យានជាតិគិរីរម្យ

សារៈប្រយោជន៍នៃធម្មជាតិសំរាប់កុមារ

ឳពុកម្តាយគ្រប់រូបតែងតែចង់ឃើញកូនរាល់គ្នារស់នៅ សប្បាយរីករាយ សុខភាពល្អ និង រាងកាយរឹងមាំ។ ខណៈដែលអ្នកមមាញឹកនិងការងារសំរាប់ជីវិត វាពិតជាសំខាន់ខ្លាំងណាស់ដែលអ្នកត្រូវតែចេះបង្កើតពេលវេលាដើម្បីជួយពួកគេបង្កើតទំលាប់ល្អសំរាប់ជីវិត ដោយផ្តោតទៅលើការរស់នៅប្រកបដោយភាពសុខសប្បាយ ទាំងផ្លូវកាយ និងផ្លូវចិត្ត។ ដូច្នេះហើយ អ្នកអាចផ្តល់នូវអាហា​រូបត្ថម្ភល្អដល់ពួកគេ ចុះឈ្មោះហាត់ ការ៉ាតេដូ អៃគីដូ តៃខ្វ៉ាន់ដូ បាល់ទាត់ ឬ ហែលទឹក ជាដើម ដើម្បីសំរេចនូវគោលបំណងនោះ។

ពិតណាស់ថា សកម្មភាពទាំងនោះអាចមានឥទ្ធិពលវិជ្ជមានយ៉ាងខ្លាំងដល់រូបសុខភាព និងរាងកាយរបស់ពួកគេ ប៉ុន្តែជាក់ស្តែង អំណោយដ៏មានអានុភាពបំផុតក្នុងចំណោមអំណោយទាំងឡាយ ដែលអ្នកអាចណែនាំដល់ពួកគេគឺ សកម្មភាពខាងក្រៅ មានន័យថា ផ្សារភ្ជាប់ជីវិតនៅនិង ពិភពធម្មជាតិ

យោងតាមសៀវភៅដែលមានចំណងជើងថា Last Child in the Woods (Richard Louv, 2008, Updated and Expanded Version) អ្នកនិពន្ធបានលើកឡើងនូវវាក្យសព្ទ «ជំងឺខ្វះធម្មជាតិ» ដើម្បីពន្យល់អំពីបាតុភូតនៃការផ្តាច់ខ្លួនចេញពីពិភពធម្មជាតិរបស់ក្មេងៗ។ អ្នកនិពន្ធគត់សំគាល់ថា ក្មេងៗចាប់ផ្តើមចេញទៅក្រៅតិចជាងពីមុន ដោយសារតែការរីកចំរើនបច្ចេកវិទ្យា នាំមកនូវទូរសព្ទទំនើប បណ្តាញសង្គម ហ្គេម ឬក៏ អ្នកជាឳពុកម្តាយមានភាពភ័យខ្លាចចំពោះការនាំកូនទៅខាងក្រៅផងដែរ។

បើដូច្នេះ តើមានសារៈប្រយោជន៍អ្វីខ្លះសំរាប់ក្មេង នៅពេលលេងកំសាន្តនៅក្នុងបរិយាកាសធម្មជាតិ?

នៅពេលដែលនៅខាងក្រៅ និង ជុំវិញពោរពេញទៅដោយធម្មជាតិ ក្មេងៗដកពិសោធន៍នឹងបរិស្ថានមួយដែលមានការផ្លាស់ប្តូរ និង មានសេរីភាព ដែលជំរុញអោយមាននូវការយល់ដឹងផ្សេងៗ។ ការចេញទៅលេងនៅខាងក្រៅនឹងធម្មជាតិ អភិវឌ្ឍន៍ បញ្ញ ស្មារតី អារម្មណ៍ សង្គម និង ការរីកលូតលាស់រាងកាយ របស់ក្មេងៗ។

សារៈប្រយោជន៍ខាងផ្នែកបញ្ញា

ពិភពធម្មជាតិគឺ ជាបន្ទប់ពិសោធន៍សិក្សាដ៏ធំក្រៃលែង។ ក្មេងៗគឺ ជាអ្នកវិទ្យាសាស្ត្រពីកំណើត ហើយស្រលាញ់ការពិសោធន៍របស់អ្វីដែលគេមើលឃើញ ក្លិន សំលេង និង ផ្ទៃខាងក្រៅ នៃមជ្ឈដ្ឋានខាងក្រៅ។ ធម្មជាតិផ្តល់នូវឱកាសឥណគនាសំរាប់ការ ស្រាវជ្រាវ ច្នៃប្រឌិត ការដោះស្រាយបញ្ហា និង ការសិក្សាអប់រំ វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង គណិតវិទ្យា «STEM»

អន្តរកម្មជាមួយធម្មជាិអនុញ្ញាតអោយក្មេងរៀនដោយអនុវត្ត និងពិសោធន៍ដោយផ្ទាល់ជាមួយគំនិត។ ក្នុងពិភពធម្មជាតិ ក្មេងចាប់ផ្តើម គិត ឆ្ងល់ សួរសំនួរ ចង់ចេះចង់ដឹង និងថែមទាំងបង្កើតជាសម្មតិកម្មទៀតផង។ ក្នុងនោះមានសកម្មភាពមួយចំនួនដូចជា មើលសត្វស្លាបហោះហើរ ស្តាប់សំលេងសត្វយំ រត់ដេញចាប់មេអំបៅ មើលដង្កូវរមួលចុះឡើងក្នុងដី សម្លឹងមើលពពកមានរូបចម្លែកពិសេស សម្លឹងមើលគិរីបុព្វតា ។ល។

សារៈប្រយោជន៍ខាងផ្នែកអារម្មណ៍

ពិតណាស់ ពេលចេញមកខាងក្រៅគឺ ធ្វើអោយមានអារម្មណ៍ល្អ។ ក្មេងៗអាចផ្លាស់ទីដោយសេរី ស្វែងរក និងស្រែកហូរកញ្ជ្រាវតាមចំណង់របស់គេ ដែលទង្វើទាំងអស់នេះបានរឹតបន្តឹងពួកគេមិនអាចធ្វើបាននៅពេលនៅខាងក្នុងផ្ទះ។ ពេលនៅក្នុងបរិយាកាសធម្មជាតិ ពួកគេអាច រត់លេង លោត រមៀលលេង ឡើងលើភ្នំ ឬដើមឈើ ដែលធ្វើអោយពួកគេមានអារម្មណ៍រីករាយ កាត់បន្ថយភាពតានតឹង ការភ័យខ្លាចពីមជ្ឈដ្នាខាងក្រៅ និងការរវើរវាយ។

អ្នកវិទ្យាសាស្ត្របានរកឃើញថា ការលេងនៅខាងក្រៅធ្វើអោយក្មេងមានអារម្មណ៍ស្ងប់ស្ងាត់ ហើយទប់ស្តាត់ទៅនឹង ជំងឺឱនភាពក្នុងការផ្ចង់អារម្មណ៍។ លើសពីនេះទៅទៀត ធម្មជាតិនាំយកនូវសន្តិភាពផ្លូវចិត្ត និង តែងតែបង្កើនគុណភាពជីវិតដល់ពួកគេ។ ជាក់ស្តែង ក្មេងៗដែលពេញដោយថាមពលតែងតែ បន្ថយល្បឿនរបស់ពួកគេ ហើយគយគន់កូនរុក្ខជាតិភ្លែកៗ មើលដង្កូវវាចុះឡើង ឬ មើលត្រីគ្រប់ប្រភេទហែលលេងក្នុងបឹងដ៏ថ្លាយង់ ដែលទាំងនេះបង្រៀនអោយពួកគេចេះផ្តោតអារម្មណ៍ទៅលើបរិស្ថានជុំវិញខ្លួន។

សារៈប្រយោជន៍ខាងផ្នែកសង្គម

ក្មេងអាចមានឱកាសលេងជាមួយក្មេងដ៏ទៃទៀតនៅពេលដែលគេចេញមកខាងក្រៅ។ ពេលនៅក្នុងបរិស្ថានធម្មជាតិ ក្មេងអាចលេងម្នាក់ឯង ឬលេងជាមួយក្មេងផ្សេងទៀត រៀនចែករំលែក និង ដោះស្រាយបញ្ហា។ ក្មេងៗអាចសហការណ៍គ្នា បង្កើតជាល្បែងផ្សេងៗ និងលក្ខណ្តិកៈដោយផ្ទាល់ ពីព្រោះថាគ្មានការកំណត់នូវបែបបទអ្វីទុកជាមុននោះឡើយ។ ពេលមកនៅខាងក្រៅ ក្មេងដែលបានចូលរៀននៅសាលា មិននៅក្បែរមនុស្សធំពេញវ័យ ដូច្នេះហើយ ពួកគេចេះបង្កើតវិន័យ និងដោះស្រាយបញ្ហាដោយខ្លួនឯង។

ជាញឹកញយគេសង្គេតឃើញថា ពេលក្មេងនៅក្នុងពិភពធម្មជាតិ សូម្បីតែក្មេងរពឹសខ្លាំង ក៏អាចបន្ថយភាពរពឹសរបស់ពួកគេ ហើយរៀនផ្តោតអារម្មណ៍លើអាកប្បកិរិយាសុភាពរាបសា។ ពួកគេអាចចាប់ផ្តើមអភិវឌ្ឍន៍ការសណ្តោសប្រណី និង ចេះលួងលោមមិត្តភក្តិដែលមានការឈឺចាប់ និងមិនសប្បាយចិត្ត។

សារៈប្រយោជន៍ខាងផ្នែករាងកាយ

ខ្យល់បរិសុទ្ធក្នុងធម្មជាតិធ្វើអោយមានកំលាំងថាមពល ដោយបង្កើនអុកសុីសែន និងផ្តល់ឱកាសយ៉ាងច្រើនសន្ធឹកសន្ធាប់សំរាប់សកម្មភាពផ្នែករាងកាយ ដែលធ្វើអោយរាងកាយរឹងមាំ។ កំដៅព្រះអាទិត្យបង្កើន វីតាមីនឌី ដែលមានសារៈសំខាន់យ៉ាងខ្លាំងចូលរួមចំណែកពង្រឹងប្រព័ន្ធ​ភាពស៊ាំ។

សកម្មភាពនៅខាងក្រៅ អាចជួយអោយក្មេងមានរាងកាយរឹងមាំ ដោយដុតកំទេចកាឡូរីក្នុងរាងកាយ តាមរយះ ដើរឡើងភ្នំ ការងូតទឹកជ្រោះ ឡើងដើមឈើ ការរត់លេងក្នុងទីធ្លា រត់ដេញចាប់មេអំបៅ និងលេងយោងទងជាដើម។

សេចក្តីបញ្ចប់

បរិស្ថានធម្មជាតិខាងក្រៅពិតមានអត្ថប្រយោជន៍យ៉ាងច្រើន ដែលអ្នកប្រាថ្នាចង់បានសំរាប់កូនរបស់អ្នកប៉ុន្តែគេពិតជានៅតែត្រូវការមើលថែទាំពីអ្នកផ្ទាល់។ ការលេងនៅខាងក្រៅដោយសេរីរបស់កូនអ្នកនិងមានភាពទាក់ទាញកាន់តែខ្លាំង បើសិនជាអ្នកចូលរួមជាមួយពួកគេ។ អ្នកផ្តល់នូវឧទាហរណ៍ ការណែនាំផ្សេងៗ នៅពេលដែលពួកគេចង់សាកល្បងសកម្មភាពលំបាកថ្មីៗ។

ងាយស្រួលបំផុត អ្នកអាចនាំកូនរបស់អ្នកទៅលេងក្នុងឧទ្យានធម្មជាតិសាធារណៈ ឧទ្យានជាតិគិរីរម្យ តំបន់រមណីយដ្ឋានធម្មជាតិខេត្តសៀមរាប តំបន់ធម្មជាតិនៃខេត្តកំពត គិរីរម្យ និង រតនៈគិរីជាដើម។ លើសពីនេះទៅទៀត អ្នកក៏ជ្រើសរើសសណ្ឋាគាររីស៊តធម្មជាតិនៃខេត្តសៀមរាបដូចជា មេត្តារេសុីដិនស៍ និងស្ប៉ា សណ្ឋាគារហីលឡក់ និងស្ប៉ា សាប៉ារ៉ារីស៊ត និងស្ប៉ា រូយ៉ាល់អង្គររីស៊ត និងស្ប៉ា ឡូទូសប្លង់រីស៊ត បុរីអង្គររីស៊ត និងស្ប៉ា និង មេម័រផាឡេស និងស្ប៉ា

តើអ្នកមានពេលវេលានាំកូនរបស់អ្នកទៅកាន់ពិភពធម្មជាតិដែរឬទេ?

ឯកសារយោង៖

Benefits of Nature for Kids

Please follow and like us:
error20

Leave a Reply

Your email address will not be published. Required fields are marked *

Back to Top