• Home
  • /
  • Group Travel
  • /
  • ហេតុផល៩យ៉ាង អង្រួនចិត្តភ្ងៀវទេសចរណ៍ឱ្យទៅ លំហែនៅកំពត
ហេតុផល៩យ៉ាង អង្រួនចិត្តភ្ងៀវទេសចរណ៍ឱ្យទៅ លំហែនៅកំពត

ហេតុផល៩យ៉ាង អង្រួនចិត្តភ្ងៀវទេសចរណ៍ឱ្យទៅ លំហែនៅកំពត

ជាខេត្តដែលសំបូរដោយតំបន់ធម្មជាតិដ៏ស្រស់ស្អាត និង ប្រវត្តិសាស្ត្រ ខេត្តកំពតបានកំពុងក្លាយជាទិសដៅទេសចរណ៍ដ៏ពេញនិយមបំផុត សំរាប់សំរាកលំហែកាយរបស់ប្រជាជនខ្មែរយើងនៅចុងសប្តាហ៍ ជាពិសេសអ្នកទីក្រុងភ្នំពេញ ដែលមានអារម្មណ៍តានតឹងពីការងារដ៏មមាញឹករបស់ពួកគេ។

ប្រសិនបើអ្នកចង់បន្ធូរអារម្មណ៍ និង ដកឃ្លាពីជីវិតមមាញឹក ទាំងនេះគឺ ហេតុផល៩យ៉ាងដែលអ្នកគួរតែមកលំហែនៅកំពត។

១. ឡើងលើឋានសួគ៌ភ្នំបូកគោ

ស្ថិតនៅចម្ងាយប្រមាណជា ៤៦ គីឡូម៉ែត្ររហូតដល់កំពូលភ្នំ ពីក្រុងកំពត ភ្នំបូកគោគឺជាឧទ្យានជាតិ ដែលជាគោលដៅទេសចរណ៍ដ៏មានប្រជាប្រិយមិនអាចរំលងបាន ពេលបានមកទស្សនាទីក្រុងកំពត។

លាតសន្ធឹងលើផ្ទៃដ៏ធំល្វឹងល្វើយ និង មានកំពស់ជាង ១១០១ម៉ែត្រ ភ្នំបូកគោមានតំបន់ព្រៃក្រាស់ដែលផ្តល់នូវសំរស់ធម្មជាតិ និង ទេសភាពដ៏ស្រស់ត្រកាល និង ខ្យល់អាកាសបរិសុទ្ធ កាន់តែពិសេសពេលមានចុះអព្ទ័  ដែលអាចបន្ធូរអារម្មណ៍និងធ្វើអោយអ្នកស្រស់ស្រាយនៅពេលដែលបានមកដល់។

ពីលើកំពូលភ្នំ អ្នកអាចមើលឃើញតំបន់សមុទ្រខ្មែរ កោះត្រល់ និងតំបន់ព្រៃក្រាស់នៃឧទ្យាន ហើយនៅលើភ្នំផងដែរ អ្នកអាចទស្សនា ព្រះវិហារកាតូលិកនាសម័យអាណានិគមន៏បារំាង ព្រះវិហារព្រះពុទ្ធសាសនាកសាងដោយព្រះបាទមុនីវង្ស សំណង់អគារបុរាណជាច្រើន រូបសំណាកដ៏មានបារមីលោកយាយម៉ៅ និង រមណីយដ្ឋានឋានសួគ៌បូកគោ (មានសណ្ឋាគារប្រណីត) ។

ភ្នំបូកគោ រូបភាព៖ CPC NEWS

២. ងូតទឹកធ្លាក់ដ៏ត្រជាក់ថ្លាយង់ ដើម្បីបំពេញថាមពលជាថ្មី

ក្រៅពីសំរស់ព្រៃព្រឹក្សា និងគិរិបុព្វតា កំពតមានតំបន់ធម្មជាតិទឹកធ្លាក់ជាច្រើន ស្ថិតនៅរាយប៉ាយ ខ្លះជិតខ្លះឆ្ងាយ។ 

បើធ្វើដំណើរប្រមាណជា ៨គីឡូម៉ែត្រ ពីខេត្តកំពត នោះអ្នកនិងប្រទះឃើញរមណីយដ្ឋានទឹកឈូ ដែលមានទឹកហូរថ្លាយង់ខួបប្រាំង ខួបវស្សាចេញពីភ្នំដំរី និង ភ្នំកំចាយ។ ភ្ញៀវទេសចរណ៍ទាំងឡាយនិយមចូលចិត្តងូតទឹកកម្សាន្តនៅទីនេះ និងផ្តិតយកទិដ្ឋភាពធម្មជាតិនានា។ អំឡុងពេលដែលអ្នកសំរាកលំហែកាយ អ្នកក៏អាចភ្លក់រស់ជាតិផ្លែឈើធម្មជាតិដ៏ឈ្ងុយឆ្ងាញ់ រួមមានដូចជា សាវម៉ៅ ផ្លែមៀន និង ធុរ៉េនដែលល្បីល្បាញពេញប្រទេសផងដែរ។

មិនឆ្ងាយប៉ុន្មានពីរមណីយដ្ឋានទឹកឈូ ទឹកធ្លាក់តាដា ក៏មានសម្រស់ទាក់ទាញមិនអន់ដែរ។ សម្រស់ធម្មជាតិ និងទឹកត្រជាក់ថ្លាយង់គួរអោយចង់ងូតលេងកម្សាន្ត ពិតជាធ្វើអោយអារម្មណ៍ស្រស់ស្រាយយ៉ាងខ្លាំង។ 

ចំនែកឯ ទឹក​ធ្លាក់ឪម៉ាល់ ដែលមានទីតាំងស្ថិត​​នៅ​ក្នុង​ភូមិ​ជ្រោះ​ឪម៉ាល់​ ឃុំ​មាក់​ប្រាង ស្រុក​ទឹក​ឈូ ខេត្ដ​កំពតវិញបានលាក់ខ្លួនក្នុងព្រៃជ្រៅ រុំពទ្ធ័ជុំវិញដោយចំការដំណាំហូរហែរដូចជា ធុរ៉រន សាវម៉ៅ និង ចេក។ ទឹក​ធ្លាក់នេះមានកំពស់ប្រហែល១២ម៉ែត្រ និងអន្លង់ទឹកធ្លាក់ជម្រៅលិចក្បាលមនុស្ស ទំហំ៧ម៉ែត្របួនជ្រុង។ 

លើសពីនេះ ចម្ងាយប្រមាណជាង ២៨ គីឡូម៉ែត្រ ពីខេត្តកំពត ស្ថិតក្នុង​សហគមន៍​ទេសចរណ៍​ព្រែក​ត្នោត ភូមិ​ព្រែក​ក្រែង ឃុំ​ព្រែក​ត្នោត ស្រុក​ទឹកឈូ ទឹកធ្លាក់ដំណាក់ អន្លង់ខៀវ ត្រូវបានគេស្គាល់ជាកន្លែងទឹកធ្លាក់មានធម្មជាតិដ៏ស្រស់ស្អាតល្បីល្បាញ លាក់ខ្លួនក្នុងទឹកដីកំពត។

អន្លង់ខៀវ រូបភាព៖ កោះសន្តិភាព
អន្លង់ខៀវ រូបភាព៖ កោះសន្តិភាព


ចុងក្រោយគេគឺ ទឹកធ្លាក់៩ជាន់ មានចម្ងាយប្រមាណ ១០០គីឡូម៉ែត្រ ភាគខាងជើងនៃខេត្តកំពត មានទីតាំងនៅ​ក្នុងភូមិ​អន្លង់​ក្មេង​លេង ឃុំ​តេ​ជោ​អភិវឌ្ឍន៍ ស្រុក​ឈូក។ វាជាតំបន់ធម្មជាតិដ៏ស្រស់ស្អាតគួរ​ឱ្យ​ចង់ទៅ​កម្សាន្ត។

៣. ជិះខ្សែរ៉តនៅ រមណីយដ្ឋានឧទ្យានដងព្រែក

ស្ថិតនៅតំបន់ទឹកឈូ រមណីយដ្ឋានឧទ្យានដងព្រែក ត្រូវបានគេស្គាល់ជាកន្លែងលេងទឹកដ៏ធំបំផុតប្រចាំក្រុងកំពត ដែលអ្នកអាចជិះទូកកាយៈ​ ជិះទាទឹក និងហែលទឹកលេងកំសាន្តក្នុងព្រែកទឹកដ៏ថ្លាយង់។

ប្រសិនបើអ្នកមិនខ្លាចទីខ្ពស់ អ្នកអាចយកបទពិសោធន៍ដ៏រំជើបរំជួលនៃការ ជិះខ្សែរ៉តចេញពីដើមឈើកំពស់ជាង ១០ម៉ែត្រ ពីត្រើយម្ខាងទៅត្រើយម្ខាងទៀតនៃព្រែក ដែលមានចំងាយប្រហែល ២០០ម៉ែត្រ អមដោយទេសភាពដ៏ស្រស់ត្រកាល។

ឧទ្យានដងព្រែក រូបភាព៖ ក្នុងស្រុក

លើសពីនេះ ​កញ្ចុះអង្គុយលេង និង អាហារដ៏ឈ្ងុយឆ្ងាញ់ពិសា ក៏មានបំរើជូនផងដែរ។ ​

ទេសភាពធម្មជាតិដ៏ស្រស់បំព្រង និងខ្យល់បរិសុទ្ធបក់មកត្រសៀកៗ អាចជួយអ្នកធូរស្បើយពីកង្វល់ទាំងពួង។

៤. ជិះក្តាររំកិលកោងខ្ពស់នៅ រមណីយដ្ឋានដូងទេរ

សំរាប់អ្នកនិយមកីឡាបែបផ្សងព្រេង និងរំជើបរំជួល ក្រៅពីរមណីយដ្ឋានឧទ្យានដងព្រែកនៅក្នុងបរិវេណម្តុំទឹកឈូ រមណីយដ្ឋានដូងទេរក៏មានប្រជាប្រិយភាពគួរអោយគត់សំគាល់ផងដែរ។

ពិតណាស់ នៅពេលដែលអ្នកធ្វើដំណើរទៅដល់រមណីយដ្ឋាន អ្នកនិងឃើញដូងទេរទៅនឹងមាត់ព្រែក ដែលទំនងជាឈ្មោះរបស់រមណីយដ្ឋាននេះ ត្រូវបានម្ចាស់ដាក់ស្របទៅតាមលក្ខណៈរបស់វា។

ភ្ញៀវទេសចរណ៍អាច​លេង​កម្សាន្ដ ក្ដារ​រំអិល​កោង​ខ្ពស់ ឧបករណ៍​ពោង​កំសួល​ហោះ ខ្សែពួរ ទូក​កាយៈ និង​ក្បូន​បណ្ដែត​លើ​ផ្ទៃ​ទឹក។ អ្វីដែលភ្ញៀវពេញចិត្តខ្លាំងបំផុតគឺ ម្ហូបអាហារដ៏សំបូរបែប ដែលមានតំលៃសមរម្យ។

ដូងទេរ រូបភាព៖ Khmerplaces

៥. ទស្សនាល្អាងប្រាសាទភ្នំឈ្ងោកដ៏ស័ក្កិសិទ្ធិ

ជាទូទៅ បងប្អូនខ្មែរយើងធ្លាប់បានឮនិងស្គាល់ប្រាសាទអង្គរវត្តដែលបានកសាងឡើងក្នុងសតវត្សរ៍ទី ១២ ​ឧទ្ទិស​ដល់​ព្រះវិស្ណុ ស្ថិតនៅខេត្តសៀមរាប ប៉ុន្តែភាគតិចណាស់ដែលបានស្គាល់និងទស្សនាល្អាងប្រាសាទដែលមានវ័យចំណាស់ជាងប្រាសាទអង្គរទៅទៀត នៅខេត្តកំពត។

បើអ្នកធ្វើដំណើរចម្ងាយប្រមាណ ៨ គីឡូម៉ែត្រ​​ពី​​ទី​រួម​ខេត្ដ​កំពត អ្នកនិងទៅដល់ទី​ឋាន​ដ៏​ស័ក្ដិសិទ្ធិ​​វ័យ​ចំណាស់​មុន​សម័យ​អង្គរ កសាង​នៅ​សតវត្សរ៍​ទី ៧​ ដើម្បី​ឧទ្ទិស​ដល់​ព្រះ​សិវៈ​នៃ​ព្រហ្មញ្ញ​សាសនា ដែលមានឈ្មោះថា​ «ល្អាងភ្នំឈ្ងោក»។

ល្អាងប្រាសាទភ្នំឈ្ងោក រូបភាព៖ ភ្នំពេញប៉ុស្តិ៍

ពិតណាស់ ក្នុងរដូវភ្លៀង ដើម្បីទៅដល់ទីឋានដ៏​ពិសិដ្ឋនេះ អ្នកត្រូវធ្វើដំណើរបែបផ្សងព្រេង ដោយផ្លូវមានសភាពរអិលខ្លាំង (ក្នុងរដូវប្រាំង ផ្លូវធ្វើដំណើរមានភាពងាយស្រួល) ប៉ុន្តែអ្នកនិងមិនខកបំណងឡើយនៅពេលដែលទៅដល់។ ទិដ្ឋភាពក្នុងល្អាងរំលេចនូវថ្ម​ដុះ​ច្រូងច្រាង​រាងជា​លិង្គ​ទ្រយោនី​ដែល​ដុះ​ពី​លើ​ពិតាន​ល្អាង​ភ្នំ​ចុះ​ក្រោម​ និង​ដុះ​ពី​ក្រោម​ទល់​គ្នា​នៅ​នឹង​បរិវេណ​ក្នុង​ប្រាសាទ ដែលគេជឿជាក់ថា វាជាទីកន្លែង​សក្ការៈ​ដ៏ស័ក្កសិទ្ធសម្រាប់ការបួងសួងសុំសេចក្តីសុខរបស់ប្រជាជនខ្មែរយើង។

៦. ដកបទពិសោធន៍ថ្មីពី កីឡាឡើងភ្នំដោយខ្សែពួរ

ពេលខ្លះយើងគួរតែសាកល្បងបទពិសោធន៍ថ្មី ដែលអាចធ្វើអោយយើងអាចចេញពីទីតាំងសុវត្ថិភាព (Comfort Zone)។ កីឡាឡើងភ្នំដោយខ្សែពួរ គឺជាបទពិសោធន៍ថ្មីមួយបែបផ្សងព្រេងនៅលើទឹកដីកំពត ដែលអ្នកគួរតែសាកល្បង។

កីឡានេះត្រូវបានគ្រប់គ្រងនិងរៀបចំដោយក្រុម Climbodia ប្រកបដោយសុវត្ថិភាពបំផុត។ អ្នកអាចលេងកីឡាឡើងភ្នំនេះជាមួយក្រុម ដើម្បីជាទំនុកចិត្ត។

ទីតាំងកីឡាឡើងភ្នំដោយខ្សែពួរនេះ មានចម្ងាយ ៥គីឡូម៉ែត្រ ពីខេត្តកំពត តាមដងផ្លូវទៅកាន់ក្រុងកែប ចំណាយពេលត្រឹមតែ ១៥នាទីប៉ុន្នោះ។

កីឡាឡើងភ្នំដោយខ្សែពួរ រូបភាព៖ Climbodia

៧. ទស្សនាទិដ្ឋភាពទីក្រុង អាគារសម័យអាណានិគមបារាំង និង កំសាន្តតាមដងព្រែក

ឈរនៅត្រង់រង្វង់មូលធុរ៉េន ហើយក្រលេកមើលជុំវិញទីក្រុង អ្នកនិងឃើញមានផ្ទះម៉ូតសម័យអាណានិគមបារាំងដ៏គួរអោយទាក់ទាញជាច្រើនជួរ ហើយផ្ទះខ្លះត្រូវបានគេប្រកបអាជីវកម្មលក់ដូរទំនិញផ្សេងៗ ដូចជា វត្ថុអនុស្សាវរីយ៍ ហាងកាហ្វេ ភោជនីយដ្ឋាន សណ្ឋាគារ ផ្ទះសំណាក់ និង ហាងម្រេចកំពតដ៏ល្បីល្បាញលើពិភពលោក។

អាគារសម័យអាណានិគមបារាំង រូបភាព៖ Never Ending Voyage

ក្រុងកំពតមានកន្លែងថ្មើរជើងយ៉ាងងាយស្រួលសំរាប់ដើរទស្សនាសម្រស់ទីក្រុង និងស្ថាបត្យកម្មនៃអគារបុរាណ ជាមួយបរិយាកាសយ៉ាងស្ងប់ស្ងាត់ ជាពិសេសនៅតាមដងផ្លូវមាត់ព្រែក ដែលមានខ្យល់បក់ត្រសៀកៗ។ ពេលរសៀល អ្នកអាចលំហែអារម្មណ៍នៅមាត់ព្រែក និង គយគន់ថ្ងៃលិចដ៏ស្រស់ស្អាតឯនាយភ្នំបូកគោ។

៨. ទស្សនាស្រែអំបិល និង គយគន់ថ្ងៃលិចនៅសង្កាត់ត្រើយកោះ

កាន់តែរំភើបជាងនេះទៅទៀត អ្នកគួរតែទៅទស្សនាទេសភាពដ៏ល្អប្រណិតនៅសង្កាត់ត្រើយកោះ ដោយត្រូវឆ្លងស្ពាន ប៉ុន្តែបើឆ្លងតាមស្ពានឥន្ធនូ មានតែម៉ូតូ ឬ កង់ តែប៉ុណ្ណោះដែលអាចឆ្លងបាន។

នៅទីនោះអ្នកអាចរីករាយទេសភាពបែបស្រុកស្រែដ៏សែនមនោរម្យ  ទេសភាពវាលស្រែអំបិលដ៏ធំល្វឹងល្វើយ ទិដ្ឋភាពភ្នំពីចំងាយ និង ទិដ្ឋភាពថ្ងៃលិចដ៏ល្អឥតខ្ចោះ។

ទេសភាពស្រែអំបិល រូបភាព៖ លំហែកំពត

៩. សំរាកលំហែកាយនៅ រមណីយដ្ឋានលំហែកំពត

ក្រោយពីទស្សនា និងលេងកម្សាន្តនៅតាមបណ្តារមណីយដ្ឋាននានាខាងលើមក អ្នកអាចជ្រើសរើសយកការស្នាក់នៅនៅ លំហែកំពត។

ស្ថិតនៅសង្កាត់ត្រើយកោះ លំហែកំពតគឺ ជារមណីយដ្ឋានបោះតង់ ជាប់នឹងមាត់ព្រែក ដែលមានទេសភាពនិងខ្យល់អាកាសបរិសុទ្ធ ហើយមានភ្នំបូកគោដ៏ស្គឹមស្គៃនៅចំពីមុខ។ ទិដ្ឋភាពថ្ងៃលិច សម្រស់ដ៏ស្រទន់នៃដួងព្រះខែក្នុងពេលរាត្រីនិងទៀបភ្លឺអមដោយដួងតារាព្រោងព្រាត់ក្បែរកំពូលភ្នំបូកគោ និងពន្លឺចាំងផ្លេកៗឆ្លុះនិងផ្ទៃទឹក ធ្វើអោយ រមណីយដ្ឋានបោះតង់លំហែកំពត មានលក្ខណៈពិសេសបំផុត។

រមណីយដ្ឋានលំហែកំពត ផ្តល់នូវតង់ធំទូលាយ ខ្នើយ ភួយ និង កំរាល ដ៏មានផាសុខភាព ជាមួយនឹង តម្លៃសមរម្យត្រឹមតែ ១៥ ដុល្លារអាមេរិចប៉ុណ្ណោះ ក្នុងមួយយប់។

សំរាប់ពត៌មានលំអិត និងទំនាក់ទំនងកក់ រមណីយដ្ឋានលំហែកំពត សូមទាក់ទង លោក ហម ឧណ្ណា 0766611711/016840110 ឬ ហ្វេសប៊ុកផេក https://www.facebook.com/LomhaeKampot/

កំរងរូបភាពពី រមណីយដ្ឋានលំហែកំពត

Please follow and like us:
error20

Leave a Reply

Your email address will not be published. Required fields are marked *

Back to Top